ប្រជាពលរដ្ឋ និងពលករធ្វើចត្តាឡីស័កក្នុងស្រុកមោងឬស្សីជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ខណ:ប្រភពទឹកដែលធំធ្លាប់ជាទីពឹងបានរីងស្ងួតហួតហែងអស់។

ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបងបានឲ្យដឹងថា បើទោះបីជារដូវនេះជារដូវវស្សាយ៉ាងណាក្តី ក៏អាកាសធាតុហាក់មិនសូវអំណោយផលមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់នោះឡើយ។កត្តានេះបានធ្វើឲ្យប្រភពទឹកសំខាន់ៗដូចជាស្ទឹង បឹង ព្រែក ឬប្រឡាយក្នុងស្រុកមោងឫស្សីត្រូវរីងហួតមិនមានទឹកស្តុកជាហេតុនាំឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារខ្វះខាតទឹកប្រើប្រាស់ និងស្រោចស្រព ពិសេសអ្នករស់នៅតាមបណ្តោយស្ទឹងមោងនេះ។

បច្ចុប្បន្នប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើបានដោះស្រាយផ្ទាល់ខ្លួនដោយរត់ទៅដងទឹកពីស្រះ ឬអណ្តូងពីភូមិផ្សេងដែលនៅមានទឹកខ្លះៗសម្រាប់ទ្រទ្រង់ជាបណ្តោះអាសន្នសិនរង់ចាំទឹកភ្លៀងធ្លាក់។

ពលរដ្ឋបន្តថា ម្ចាស់សិប្បកម្ម ឬក្រុមហ៊ុនអ្នកផលិតទឹកស្អាតក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរដោយសារ មិនមានទឹកនៅក្នុងប្រភពទឹកនានាដែលត្រូវទាញយកទឹកមកផលិតចែកចាយទៅដល់បងប្អូនប្រជាពលរដ្ឋជាអតិថិជនរបស់ខ្លួន។

ចំណែកលោក ទេព ហន អភិបាលស្រុកមោងឫស្សីបានបញ្ជាក់ថា ចំពោះមុខនេះបញ្ហាខ្វះទឹកមិនត្រឹមតែកើតមានតែលើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗប៉ុណ្ណោះទេ សូម្បីតែអ្នកជំងឺកូវីដ-១៩ ក៏ដូចជាអ្នកធ្វើចត្តាឡីស័ក ក្នុងស្រុកមោងឫស្សីប្រមាណជា ៣០០នាក់ ក៏កំពុងប្រឈមនឹងខ្វះខាតទឹកប្រើប្រាស់ដែរ ទាមទារឲ្យមានដំណោះស្រាយជាបន្ទាន់។

លោកថា កន្លងមកនេះអាជ្ញាធរស្រុកបានសហការជាមួយរថយន្តពន្លត់អគ្គិភ័យអធិការស្រុកមោងឫស្សី បានស្វះស្វែងរកបូមទឹកស្រះដើម្បីអោយក្រុមអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័កបានប្រើប្រាស់សិន ដោយឡែកទឹកសម្រាប់បរិភោគមិនខ្វះនោះឡើយ៕

អត្ថបទ៖ដំបងក្រញូង

Share.