ឆ្លើយតបទៅនឹងកំណើននៃចំនួនអ្នកដែលត្រូវធ្វើចត្តាឡីស័កដែលជាអ្នកដំណើរចូលមកកម្ពុជា វិញតាមច្រកព្រំដែន កម្ពុជាថៃនិងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទ Deltaកុំឲ្យចូលទៅក្នុងសហគមន៍ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានណែនាំឲ្យអនុគណៈកម្មការគ្រប់គ្រងច្រកទា្វរចេញចូលនិងគ្រប់គ្រងការធ្វើចត្តាឡីស័ក សាងសង់និងជួយជុលមណ្ឌលចត្តាឡីស័កបន្ថែមនៅតាមព្រំដែនកម្ពុជា ថៃ។

ក្នុងនោះដែរ ត្រូវរៀបចំឲ្យមានមណ្ឌលសង្គ្រោះបន្ទាន់កម្រិតតំបន់ តាមរយៈបង្កើនសមត្ថភាព មន្ទីរពេទ្យបង្អែកថ្នាក់ខេត្តដែលមានហេដ្ឋារចនាសម្ព័ន្ធដោយត្រូវចាប់ផ្តើមពីបណ្តាខេត្តជាប់ ព្រំប្រទល់ជាមួយប្រទេសថៃ។

ត្រូវបង្កើនកិច្ចសហការល្អជាមួយបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជានិងថៃដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ដែលអាចនាំឲ្យមានការនាំចូលមេរោគបំប្លែងថ្មី។

សេចក្តីណែនាំរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩នេះធ្វើឡើងស្របពេលដែលមាន សេចក្តីរាយការណ៍ថា កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មីសរុបជាង២០ករណីហើយ នៅក្នុងខែមិថុនាឆ្នាំ២០២១នេះ។

មេរោគបំប្លែងថ្មីនេះ បើតាមក្រសួងសុខាភិបាល គឺឆ្លងខ្លាំងជាងមេរោគបំប្លែងមុនៗរហូតដល់ ១៥ដង៕

Share.