សិល្បៈ​ជាតិ​ ៖​ តារា​ចម្រៀង​ នីកូ​ ទើប​តែ​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ «រាំ​រង្វើល​» ដើម្បី​ត្រៀម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​កៀក​ជិត​មក​ដល់​ហើយ​។​ នៅ​ក្នុង​នោះ​ដែរ​ បទ​ថ្មី​របស់​លោក​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​លាយ​បញ្ចូល​ជាមួយ​ចម្រៀង​ពី​ល្ខោន​អាប៉េ​ ដែល​ជា​ល្ខោន​កម្រ​នឹង​សម្ដែង​ឱ្យ​មហាជន​ទស្សនា​ ព្រម​ទាំង​លាយ​បញ្ចូល​ការ​សម្ដែង​របាំ​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ទម្រង់​ថែម​ទៀត​ក្នុង MV​ តែ​មួយ​។​

ត្រង់​ប៉ារូល​ដែល​ច្រៀង​ថា ​«ស្រឡាញ់​បង​មក​ឆាប់​ៗ​ អើយ​ស្រឡាញ់​បង​មក​ឆាប់​ៗ​»​ នោះ​ត្រូវ​បាន​ដក​ស្រង់​ពី​ចម្រៀង​របស់​ល្ខោន​អាប៉េ​ខ្មែរ​ ដែល​ជា​ប្រភេទ​ល្ខោន​រៀប​តែ​នឹង​រលត់​ទៅ​គ្មាន​អ្នក​ស្គាល់​។​ តាម​សម្ដី​របស់​លោក​ នីកូ​ បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​ 3​ FUN​ ថា​ ដោយសារ​តែ​គ្រួសារ​លោក​ជា​អ្នក​សិល្បៈ​ស្រាប់​ ទើប​លោក​បាន​ស្គាល់​ល្ខោន​នេះ​ទាំង​ប្រវត្តិ​ និង​ការ​សម្ដែង​។​ លោក​ថា​ នៅ​ក្នុង​បទ​ចម្រៀង​របស់​លោក​ បាន​លើក​ពី​ទម្រង់​ល្ខោន​អាប៉េ​នេះ​ ព្រោះ​ចង់​បង្ហាញ​ឱ្យ​អ្នក​គាំទ្រ​ ជា​ពិសេស​មហាជន​ខ្មែរ​បាន​ស្គាល់​ឡើង​ពី​ទម្រង់​ល្ខោន​អាប៉េ ​ដែល​មាន​សុទ្ធ​តែ​មនុស្ស​ប្រុស​សុទ្ធ​ជា​អ្នក​សម្ដែង​ បើ​ទោះ​បី​ជា​ត្រូវ​ដើរ​តួ​ជា​ស្រី​ក៏​ដោយ​។​ លោក​បន្ត​ថា ​បទ​នៅ​ក្នុង​ល្ខោន​អាប៉េ​ ភាគ​ច្រើន​គឺ​ជា​ប្រភេទ​បទ​សប្បាយ​ៗ​ និង​កំប្លុកកំប្លែង​។​

យ៉ាងណាមិញ​ MV​ បទ​ចម្រៀង​ថ្មី​មួយ​បទ​នេះ​ បាន​ចំណាយ​ទុន​ផលិត​អស់​ ៣​ម៉ឺន​ដុល្លារ​ បាន​រៀប​ចំ​ផ្ទាំង​ទស្សនីយភាព​​ប្លែក​ភ្នែក​ ដោយ​មាន​ការ​សម្ដែង​របាំ​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ទម្រង់​ដូច​ជា​ របាំ​កណ្ដូប​សេះ​ របាំ​ឆៃយ៉ាំ​ របាំ​នេសាទ​ និង​របាំ​ក្ងោក​ប៉ៃលិន​ ជា​ដើម​។​ លោក​ នីកូ​ បាន​លើក​ឡើង​បន្ថែម​ថា ​ការ​លាយ​បញ្ចូល​របាំ​បុរាណ​ និង​ ល្បែង​ប្រជាប្រិយ​ខ្មែរ​ចូល​ក្នុង​ MV​ តែ​មួយ​ ព្រោះ​ចង់​បង្ហាញ​ពី​ទំនៀម​ទំលាប់​ប្រពៃណី​វប្បធម៌​ខ្មែរ​ ដែល​តាំង​ពី​បុរាណ​កាល​ ប្រជាជន​ខ្មែរ​តែង​តែ​រាំ​លេង​កម្សាន្ត​សប្បាយ​នា​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។​

ដោយឡែក​អ្វី​ដែល​មហាជន​កត់​សម្គាល់​មួយ​ទៀត​នោះ​គឺ​ លោក​ នីកូ​ បាន​បញ្ចេញ​បទចម្រៀង​មួយ​នេះ​នៅ​លើ​ឆាណែល​យូធូប​ផ្ទាល់​ខ្លួន​របស់​លោក​ ដែល​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ លោក​បាន​បញ្ចេញ​បទចម្រៀង​ដើម្បី​ត្រៀម​អបអរ​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ក្នុង​ផលិតកម្ម​ហង្សមាស​។​

សូម​ជម្រាប​ថា​ «រាំ​រង្វើល​» MV​ របស់​កូន​ប្រុស​ពៅ​នៃ​ត្រកូល​ ណុប​ មាន​ការ​ចូល​រួម​សម្តែង​ពី​សំណាក់​សិល្បករ​ សិល្បការិនី​ជា​ច្រើន​រូប​ និង​មាន​ការ​ចូល​រួម​សម្ដែង​ពី​តួឯក​ស្រី​ ដាដាវ​ និង​ក្រុម​រាំ​វ័យក្មេង​ ស្រស់​ស្អាត​ និង​ ស្រស់​សង្ហា​ថែម​ទៀត​ផង​។ ចង់​ដឹង​ MV​ នេះ​ប្លែក​កម្រិត​ណា​នោះ​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖​

Share.