«ឥលូវយើងរកបានក្មេងៗដែលពួកគេនឹងជំនួសពួកយើង គួរតែរៀបចំឱ្យពួកគេទៅ ហើយយើងនៅជាមួយគេ តែរឿងនេះគឺបានដឹងហើយថាគ្រោងនរណា… ប៉ុន្តែបញ្ហា គឺពេលវេលាថាពេលណាសមស្រប?»។ ពីវេទិកាអធិបតីនៃពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសំណង់វារីអគ្គីសនី នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់អំពីការបន្តវេនរបស់អ្នកជំនាន់ក្រោយនៃគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនេះហើយដែលសម្ដេច បានបង្ហើបអំពី«ខ្សែក្រវ៉ាត់២ជាន់»ក្នុងបរិបទនៃការបន្តវេន ដោយសម្ដេចបានថ្លែងថា«មានរដ្ឋមន្រ្តីជាស្ត្រីមួយរូប គាត់បាននិយាយថា ជួបប្អូនប្រុសគឺជារឿងសប្បាយ តែបែកពីឪពុកក៏វាលំបាក! អ៊ីចឹងបាន័យថាម្ខាងក៏គាត់ចង់បានអ្នកជំនាន់ក្រោយធ្វើនាយករដ្ឋមន្រ្តី ប៉ុន្តែម្ខាងទៀតគាត់ធ្លាប់ទទួលបានសេចក្ដីសុខធ្វើការជាមួយយើង គាត់ក៏មានការស្ដាយស្រណោះ! ក៏ប៉ុន្តែយើងអត់ទៅណាឆ្ងាយ យើងនៅហ្នឹងដែរ អ៊ីចឹងទេវាមាំជាង ខ្សែក្រវ៉ាត់២ជាន់បានន័យថានៅខាងមុខមានក្មេងៗគេកាន់អំណាច ខាងក្រោយមានចាស់ទុំដែលនៅទ្រទ្រង់ខ្សែក្រវ៉ាត់! ខ្សែក្រវ៉ាត់២នេះគឺមាំណាស់!»។

បើតាមសម្ដេចតេជោ តាមរយៈយុទ្ធសាស្រ្តខ្សែក្រវ៉ាត់២ជាន់ និងការវិសោធនកម្មច្បាប់បានច្បាស់លាស់ជាងមុននោះ អន្តរកាលនៃការបន្តវេននៅកម្ពុជាទោះក្នុងករណីនាយករដ្ឋមន្ត្រីស្លាប់ ឬលាលែងពីតំណែង គឺសុទ្ធតែធានាបានស្ថិរភាពជាតិយ៉ាងរឹងមាំ។ សម្ដេចបានអះអាងទៀតថាការរៀបចំនេះគឺដើម្បីបញ្ចៀសវិបត្តិ។ ពីវេទិកាធិបតីនេះដែរ សម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីទៀតថាការថ្លែងពីរឿងបន្តវេននេះអាចជាការថ្លែងវែងឆ្ងាយបន្តិចសម្រាប់ពិធី ប៉ុន្តែសម្ដេចគូសបញ្ជាក់ថាមានអ្នកតាមដានទស្សនារាប់ម៉ឺននាក់។ អ្នកទស្សនារាប់ម៉ឺននាក់តាមទូរទស្សន៍ និងបណ្ដាញសង្គមដែលកំពុងចាប់អារម្មណ៍ប្រធានបទពាក់ព័ន្ធនឹងការបន្តវេន៕

Share.