ព្រះសីហនុ÷ម៉ូតូចំនួន 4 គ្រឿងនិងរថយន្ត highlander មួយគ្រឿងត្រូវបានរងការខូចខាត និងមនុស្សម្នាក់រងរបួសស្រាល បន្ទាប់ពីត្រូវបានរថយន្តមួយគ្រឿងរ៉េចង្កូតបុករះកាលពីវេលាម៉ោង 9:00 និង 15 នាទីយប់ ថ្ងៃទី 14 ខែមីនាឆ្នាំ ២០២៣ នៅចំណុចស្តុបអូគីណាវ៉ាផ្សារលើស្ថិតក្នុងភូមិ 4 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។

យោងតាមប្រភពបឋមពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនកើតហេតុ មានរថយន្តព្រុសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Y 4801 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅពីកើតទៅលិចរហូតមកដល់ចំណុចកើតហេតុ បានប៉ះជាមួយម៉ូតូមួយគ្រឿង ឈប់ចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យជនរងគ្រោះខ្ទាតពីលើម៉ូតូហើយរថយន្តបានរ៉េចង្កូតទៅឡើងឃើនខាងស្ដាំបុករុញរថយន្ត highlander បុកជាមួយម៉ូតូចំនួន 3 គ្រឿងផ្សេងទៀត ដោយមិនទាន់អស់ល្បឿនរថយន្តហួសទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋទៅមុខលេងលួច។

 សមត្ថកិច្ចបានបន្តទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យមនុស្សម្នាក់រងរបួសស្រាល និងខូចខាតម៉ូតូចំនួន 4 គ្រឿងនិងរថយន្តមួយគ្រឿង។ក្រោយកើតហេតុសមត្ថកិច្ចបានយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយទៅតាមនីតិវិធី៕

អត្ថបទ៖ ព្រះសីហនុ​

Share.