នគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីបុរសលួចគោនេះ កម្លាំងជំនាញបានរៀបចំសំណុំរឿងបញ្ជួនជនសង្ស័យទៅកាន់តុលាកាដើម្បីអនុវត្តតាមច្បាប់ ក្រោយពីកម្លាំងអធិការនគរបាលស្រុកបវេលបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនបង្កបានកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ កន្លងមកនេះនៅចំណុចភូមិតាខៀវ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះម៉ូត រ៉ាល់ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល។ នៅយប់កើតហេតុជនសង្ស័យបានធ្វើសកម្មភាពលួចគោញីចំនួន ០១ក្បាលពីជនរងគ្រោះឈ្មោះថន ប្រុស ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិតាខៀវ ឃុំអំពិលប្រាំដើម ស្រុកបវេលដូចគ្នា។

ក្រោយការបង្ក្រាបបានសមត្ថកិច្ចមូលដ្ឋានបានដកហូតគោមេចំនួន ០១ក្បាល ប្រគល់ទៅឲ្យម្ចាស់ដើមវិញ។ ចំណែកជនសង្ស័យត្រូវបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.