សិល្បៈ​ជាតិ​៖​ តារា​សម្ដែង​ស្រី​ ស៊ីន​ យូប៊ីន​ កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​សម្រាប់​ហ្វេន​ៗ​នៅ​ប្រទេស​ថៃ​ មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ នៅ​ពេល​ដែល​កញ្ញា​ធ្លោយ​មាត់​បង្ហើប​ថា​ ខ្លួន​មាន​មហិច្ឆតា​ចង់​ប្រឡូក​សិល្បៈ​ថៃ​ ព្រោះ​ចង់​ទទួល​បាន​បទពិសោធន៍​ពី​ការងារ​ក្នុង​រង្វង់​សិល្បៈ​ថៃ​។​ តែ​ថ្មីៗ​នេះ​ ហ្វេន​ថៃ​កំពុង​តែ​ឡាំប៉ា​យ៉ាង​ខ្លាំង​ដាក់​កញ្ញា​ ស្រប​ពេល​ដែល​ពួក​គេ​កំពុង​ក្ដៅ​ក្រហាយ​រឿង​គុន​ខ្មែរ​។​

ដូច​បាន​ដឹង​មក​ហើយ​ថា​ កញ្ញា​ ស៊ីន​ យូប៊ីន​ គឺ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​មួយ​រូប​ប្រចាំ​ប្រទេស​កម្ពុជា​ និង​ធ្លាប់​មាន​ស្នាដៃ​សម្ដែង​ភាពយន្ត​ជាមួយ​ភាគី​ខាង​ប្រទេស​ថៃ​ តាមរយៈ​ភាពយន្ត​រឿង​ «The​ Protect​» និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​របស់​ស្ថានីយ​ទូរទស្សន៍​ប្រទេស​ថៃ​ ថត​ស្ពត​ពាណិជ្ជ​កម្ម​ និង​ធ្លាប់​ទទួល​ពាន​រង្វាន់​ផ្សេង​ៗ​ទៀត​នៅ​ប្រទេស​ថៃ​ជា​ដើម​។​ ហើយ​កន្លង​មក​ថ្មី​ៗ​នេះ​ កញ្ញា​ធ្លាប់​បាន​ចូល​រួម​ការងារ​បង្ហាញ​ហ្វេស​សិន​របស់​ក្រុមហ៊ុន​ «DIOR​» នៅ​លើ​ព្រំ​ក្រហម​រួម​ជា​មួយ​កំពូល​តារា​ថៃ​គឺ​ អ្នក​នាង​ Chompoo ​Ariya​ នៅ​ប៉ារីស​ប្រទេស​បារាំង​ថែម​ទៀត​។​ ដោយសារ​ស្នាដៃ​ប្រឡូក​ចូល​ឆាក​អន្តរជាតិ​ទាំង​ប៉ុន្មាន​នេះ ​បាន​ធ្វើ​ឱ្យ​ កញ្ញា​ ស៊ីន​ យូប៊ីន​ មាន​ចំណង​ចិត្ត​ចង់​ឡូក​ដៃ​ឱ្យ​កាន់​តែ​ជ្រៅ​ក្នុង​ពិភព​សិល្បៈ​របស់​ថៃ​។​

ប៉ុន្តែ​យ៉ាង​ណា​មិញ​ បំណង​របស់​តារា​ស្រី​រូប​នេះ​ ត្រូវ​បាន​ហ្វេន​ថៃ​កំពុង​ឡាំប៉ា​ដូច​ហែ​បាតុកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ បន្ទាប់​ពី​ពួក​គេ​ក្ដៅ​ក្រហាយ​រឿង​គុន​ខ្មែរ​។​ ហ្វេន​ថៃ​ហាក់​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ខណៈ​ដែល​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​ ៣២​ បាន​ដាក់​កីឡា​គុន​ខ្មែរ​ចូល​ក្នុង​ការ​ប្រកួត​ ដោយ​ពួក​គេ​សំអាង​ថា​ នោះ​គឺ​ជា​ម៉ួយ​ថៃ​។ មូល​ហេតុ​នេះ​បាន​បន្ត​រាល​ដាល​ដល់​កញ្ញា​ ស៊ីន​ យូប៊ីន​ ហាក់​ដូច​ជា​ពួក​គេ​ចង់​បិទ​ផ្លូវ​របស់​កញ្ញា​មិន​ឱ្យ​ចូល​ប្រឡូក​ក្នុង​សិល្បៈ​ថៃ​។​

តាម​ការ​លើក​ឡើង​របស់​អ្នក​បណ្ដាញ​សង្គម​នៅ​ប្រទេស​ថៃ​បាន​ Comment​ ថា​ ៖​«មនុស្ស​ភាគ​ច្រើន​គង់​គិត​ថា ​ត្រឹម​ពាក្យ​ថា​ គុន​ខ្មែរ​ ហោះ​រំលង​មក​ក៏​រំលង​ទៅ​ចប់​ហើយ​» «កុំ​រំអួយ​ពេក​ មុខ​មាត់​ធម្មតា​ទេ​ បើ​ធៀប​ជាមួយ​តារា​ស្រុក​យើង​ គាំទ្រ​តារា​ថៃ​ដូច​គ្នា​ប្រសើរ​ជាង​ តិច​ប្រយ័ត្ន​ខ្មែរ​ទាមទារ​មនុស្ស​របស់​ពួក​គេ​ទៀត​» «​ត្រឡប់​ទៅ​ Clear​ ជាមួយ​ប្រជាជន​របស់​អ្នក​ជា​មុន​ មិនមែន​មិន​ចេះ​បែង​ចែក​ទេ​ណា ​សូម្បី​តែ​អ្នក​ដឹកនាំ​អ្នក​ក៏​ទាមទារ​គ្រប់​យ៉ាង​ពី​ប្រទេស​ថៃ​ដូច​គ្នា​» «ត្រឡប់​ទៅ​ជជែក​ជាមួយ​ខ្មែរ​សិន​ចា​ តិច​ប្រយ័ត្ន​ទាមទារ​សិល្បៈ​ថៃ​ថា​មាន​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គ​វត្ត​ទៀត​ នាំ​តែ​រវល់​» «អ្នកគាំទ្រ​ស្រុក​អ្នក​នឹង​ទាមទារ​អ្នក​ ប្រសិន​បើ​អ្នក​ល្បី​នៅ​ស្រុក​ថៃ​ ខណៈ​អ្នក​នៅ​មិន​ទាន់​ល្បី​នៅ​ស្រុក​ថៃ​ អ្នកគាំទ្រ​អ្នក​បាន​ទាមទារ​ឡើង​ច្រើន​ហ្មង​» «មិន​បាន​ទេ​ ទៅ​រក​ស៊ី​នៅ​កន្លែង​ផ្សេង​ទៅ ​កុំ​ថា​ឡើយ​ទើប​ឃើញ​នាង​ពេល​នេះ​ សូម្បី​តែ​ Miss​ Grand​ ខ្មែរ​ចុង​ក្រោយ​នេះ​ដែល​យើង​ធ្លាប់​គាំទ្រ​នៅ​ពេល​ប្រកួត​ ក៏​អស់​អារម្មណ៍​គាំទ្រ​បន្ត​ទៀត​ដែរ​ ក្រោយ​ពេល​ខ្មែរ​ទាម​ទារ​គ្រប់​យ៉ាង​ពី​ថៃ​ យើង​មិន​គាំទ្រ​ទៀត​ទេ​ និង​មិន​ព្រម​ឱ្យ​មក​រក​ស៊ី​នៅ​ទឹក​ដី​ថៃ​ទៀត​ដែរ​» «ទៅ​រក​ស៊ី​នៅ​ចិន​ទៅ​ កុំ​មក​ថៃ​អី​ ជនជាតិ​ថៃ​ឈឺចាប់​ហើយ​ចាំ​ណា៎​»​។​

សូម​ជម្រាប​ថា​ បើ​ទោះ​បី​ជា​មាន​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ កញ្ញា​ ស៊ីន​ យូប៊ីន​ ពី​សំណាក់​ហ្វេន​ថៃ​ តែ​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​បកស្រាយ​ណា​មួយ​ពី​កញ្ញា​ យូប៊ីន​ នៅ​ឡើយ​ទេ​។ ដោយ​ឡែក​គ្រប់​គ្នា​រំពឹង​ថា​ កញ្ញា​ ស៊ីន​ យូប៊ីន​ អាច​នឹង​ផ្ញើ​សារ​ល្អ​ៗ​ទៅ​កាន់​អ្នកគាំទ្រ​ថៃ​ឆាប់​ៗ​នេះ​ដើម្បី​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​បន្ត​ទៀត​៕​

សូមទស្សនាវីដេអូនេះ៖

Share.