បាត់ដំបង÷ បុរសម្នាក់បានបោកបាក់.ក.ស្លាប់ នឹង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូរ៉ឺម៉ក់លឿនហើយរ៉េចង្កូតជ្រុលបុកដើមឈើ កាលពីវេលាម៉ោងជាង១០ ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ ស្ថិតនៅត្រង់ចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងដែលជិះគ្នាចំនួន ៣នាក់ បានបើកបរយ៉ាងលឿនក្នុងទិសដៅពីលិច ទៅកើត លុះដល់ទីតាំងកើតហេតុបានជ្រុលចង្កួតទៅបុកជាមួយនិងដើមអំពិលបារាំងពេញទំហឹង បណ្តាលឲ្យម៉ូតូបាក់ជា២កំណាត់ ឯអ្នកបើកបរបោកបាក់កស្លាប់នៅនឹងកន្លែង នឹងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះស្លាប់មានឈ្មោះ កួន ខែមរិន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល។ ចំណែកអ្នករងរបួសមាន ឈ្មោះឌឿន ចាន់ ភេទប្រុស អាយុ ១៥ឆ្នាំរស់នៅភូមិបឹងប្រាំ ឃុំបឹងប្រាំដើម និងឈ្មោះសារឿន រិទ្ធី ភេទប្រុស អាយុ ២០ ឆ្នាំរស់នៅភូមិបាកាន ឃុំត្រពាំង ស្រុកបាកាន ខេត្តពោធិ៍សាត់ ទាំង ២នាក់រងរបួសធ្ងន់។

ក្រោយកើតហេតុមន្ត្រីនគរបាលផ្នែកជំនាញបានបញ្ជាក់បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យបុកដើមឈើស្លាប់នឹងរបួសបែបនេះ៕

អត្ថបទ៖ ដំបងក្រញូង

Share.