សិល្បៈជាតិ៖ «ចាប៉ី» ​ជា​ពាក្យ​យារ​មក​បី​ពាក្យ​សំស្ក្រឹត​ថា «ចក្ឆប៉ី» ។ ហៅ​ឈ្មោះ​ថា ចាប៉ី​ដង​វែង មក​ពី​ចាប៉ី នេះ​មាន​ដង​វែង​ទន្ទាំ ។ ចាប៉ី​នេះ​មាន​មុខងារ​សំខាន់​៤​យ៉ាង​គឺ ៖

១.សំខាន់​ក្នុង​វង់ភ្លេង​អារក្ស ដោយ​គេ​យក​ឧបករណ៍​នេះ​ទៅ​ប្រគំ​ចូល​ជាមួយ​ឧបករណ៍​ដទៃ​ទៀត​ក្នុង​ពេល​លៀង​ អារក្ស​ម្ដងៗ​តាំងពី​សម័យ​យូរលង់​ណាស់​មក​ហើយ ។
២.សំខាន់​ក្នុង​វង់​ភ្លេងការ​បុរាណ​ដែល​ជា​ប្រពៃណី​របស់​ដូនតា​យើង​តាំងពី​រាប់​ពាន់ឆ្នាំ​មក​ហើយ ។
៣.សំខាន់​សម្រាប់​កំដរ​ចំរៀង​បែប​កំណាព្យ ដែល​អ្នក​ច្រៀង​ត្រេះ​ផង​ច្រៀង​ផងមាន​ប្រជាប្រិយ​បំផុត ។
៤.សំខាន់​ក្នុង​វង់ភ្លេង​មហោរី​សម័យ​ដំបូង​បង្អស់ ប៉ុន្ដែ​សម័យ​បច្ចុប្បន្ន​នេះ ចាប៉ី​ដងវែង​គ្មាន​វត្ដមាន​ក្នុង​វង់ភ្លេង​មហោរី​នេះ​ទៀតទេ ។

ចាប៉ី​ដង​វែង​របស់​យើង​មាន​លក្ខណៈ​ដូចជា ៖

ដង ​ទាំង​វែង​ចែក​ចេញ​ជា​២​ឈ្មោះ គឺ​ដង និង​ប្រពែ ។ ប្រពែ​គឺ​ចាប់ពី​ព្រលួត​ទៅ​ផ្នែក​ខាង​ចុង រីឯ​ដង គឺ​ចាប់​ពី​ព្រលួត​ទៅ​ទល់​នឹង​ប្រអប់​សំនៀង ។ ដង​ធ្វើ​អំពី​ដើម​ក្រសាំង​កាលពី​សម័យ​ដើម ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​គេ​យក​ឈើ​ដទៃ​ទៀត​ដែល​មាន​គុណភាព​ប្រហាក់​ប្រហែល​ នឹង​ដើម​ក្រសាំង​មក​ធ្វើ ។

ព្រលួត (បង្គាន) មាន​២ ៣ ឬ​៤ ចាប៉ី ខ្លះ​មាន​ព្រលួត​២​សម្រាប់​រឹតខ្សែ​សំនៀង​២ ចាប៉ី​ខ្លះ​មាន​ព្រលួត​៤ គឺ​សម្រាប់​រឹតខ្សែ​សំនៀង​ទាំង​៤​ឱ្យ​មាន​សំនៀង​តែ​២ ដូច​ចាប៉ី​ដែល​មាន​ព្រលួត​២​ដែរ ។ ព្រលួត​ទាំង​អស់​នោះ​ធ្វើ​អំពី​ឈើ​រឹង​ដូច​ជា​ឈើ​នាងនួន ឈើ​គ្រញូង ។ល ។ មាន​ទំហំ និង​ប្រវែង​ប៉ុនៗ​គ្នា ។

ធរណី គឺជា​ខ្ទង់​ខ្ពស់​ជាង​ខ្ទង់​ដទៃ ដែល​ស្ថិត​នៅ​កៀក​នឹង​ព្រលួត​សម្រាប់​ទ្រ​ខ្សែ​សំនៀង​ឱ្យ​ផុត​ពី​ខ្ទង់​ទាំង ​ឡាយ ។ ធរណី​នេះ​ច្រើន​តែ​បញ្ចុះ​ក្បាច់ក្បូរ​លម្អ ។

ខ្ទង់​ មាន​ចំនួន​១២​ដែល​តូច​ធំ ទាប​ខ្ពស់ ជាង​គ្នា​ជា​លំដាប់​លំដោយ​មាន​ចន្លោះ​ពី​មួយ​ទៅ​មួយ​តាម​កម្រិត​សំនៀង​របស់​ ខ្លួន ។ គ្រប់​ខ្ទង់​ទាំង​អស់​មាន​ចោះ​ប្រហោង​ចំ​កណ្ដាល​សម្រាប់​ដោត​ខ្សែ​ការពារ​ ជ្រុះ​បាត់ ។ ខ្ទង់​ចាប៉ី គ្រប់​ចាប៉ី​ទាំងអស់​មិន​បិទ​ជាប់​ទៅ​នឹង​ដង​មួយ​កន្លែង​ទេ ព្រោះ​ងាយ​នឹង​រុះរើ​បិទ​ភ្លាមៗ មុន​ពេល​ប្រគំ​បាន​ជា​យ៉ាង​នេះ​មក​ពី​កាល​ណា​បន្ទះ​កំណល់​តូច​ស្ដើង ដែល​ដាក់​កល់​ខ្សែ​ត្រង់​លើ​ក្រាញ (គីង្គក់) ខិត​ចុះឡើង​ដើម្បី​រាវ​រក​សំនៀង​ត្រែងៗ ដែល​ជា​លក្ខណៈ​សំនៀង​របស់​ចាប៉ី​ដង​វែង​ធ្វើ​ឱ្យ​ខ្ទង់​ទាំងឡាយ​នោះ ត្រូវ​តែ​រុះរើ​ភ្លាមៗ ដើម្បី​រាវរក​សំនៀង​ចំ​របស់​ខ្លួន ។ គេ​ច្រើន​យក​ឈើ​រឹង ឬ​ឆ្អឹង​មក​ធ្វើ​ខ្ទង់ ជួនកាល​គេ​យក​ខ្ទង់​ឫស្សី​រឹង​មក​បិទ​បន្ដុប​ពីលើ​ខ្ទង់​ទៀត ដើម្បី​ចៀសវាង​ការ​សឹករឹល​ឆាប់​ពេក ។

ស្នូក ឬ​ប្រអប់​សំនៀង​មាន​រាង​ដូច​ ផ្លែ​ម្នាស់ ស្នូក​ខ្លះ​ទៀត​មាន​រាង​ស្ទើរ​ជ្រុង​ស្ទើរ​មូល ។ កាលពី​សម័យ​ដើម គេ​យក​ដើម​រាំង មក​ធ្វើ​ស្នូក បច្ចុប្បន្ន​នេះ​គេ​យក​ប្រភេទ​ឈើ​ដែល​មាន​គុណ​ភាព​ប្រហាក់​ប្រហែល​នឹង​ដើម​ រាំង​មក​ធ្វើ ។ សន្ទះ​ធ្វើ​អំពី​ដើម​ខ្ទុម្ព ដើម​រលួស ដើម​ពពូលថ្ម ឬ​ប្រភេទ​ឈើ​ស្រាល​ផ្សេងៗ​ទៀត ។ ក្រាញ (គីង្គក់) ធ្វើ​អំពី​ឈើ​ធ្នង់ ឬ​ឈើ​ផ្សេង​ទៀត ដែល​មាន​គុណភាព​ផ្ដល់​សំនៀង​បាន​ល្អ​ដូច​គ្នា ។

ចាប៉ី​ដង​វែង​មាន​ខ្សែ​២ ឬ​៤ ប៉ុន្ដែ​ខ្សែ​៤​មាន​សំនៀង​តែ​២​ទេ ។ ខ្សែ​ទី​១ តូច​ឈ្មោះ​ថា ខ្សែ​ឯក ខ្សែ​ទី​២​ធំ​ឈ្មោះ​ថា ខ្សែ​គ ។ ខ្សែ​ទាំង​២​នេះ​កាលពី​សម័យ​ដើម​ធ្វើ​អំពី​សរសៃ​សូត្រ​វេញ​ចូល​គ្នា ប៉ុន្ដែ​បច្ចុប្បន្ន​គេ​យក​ខ្សែ​ជ័រ​នីឡុង​មក​ប្រើ​ជំនួស​វិញ ។ ក្រចក​សម្រាប់​ត្រេះ​ធ្វើ​អំពី​បន្ទះ​ស្នែង​តូច ស្ដើង​វែង ដូច​ជា​ស្នែងគោ ឬ​ក្របី ។ល។

ចាប៉ី​ដង​វែង​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ប្រើ​សំនៀង ​ត្រួត​ជាង​សំនៀង​រាយ ។ នៅ​ពេល​ប្រគំ​បទ​ណា​ក៏​ដូច​ជា​បទ​ណា​ដែរ គេ​តែង​តែ​ត្រេះ​ខ្សែ​ទាំង​២​ស្មើគ្នា ប៉ុន្ដែ​លំនាំ​សាច់​បទ គឺ​ស្ថិត​នៅ​លើ​ខ្សែ​ឯក​ដោយ​គេ​ប្រើ​ម្រាមដៃ​ចុច​ចុះ​ចុច​ឡើង​ទៅ​តាម​លំនាំ​ នៅ​លើ​ខ្សែ​នេះ រីឯ​ខ្សែ​គ គេ​ត្រេះ​បង្ហើរ​ចោល​សម្រាប់​ជួយ​បន្ទរ​សាច់​បទ​ប៉ុណ្ណោះ ។

ប្រសិនបើ​គេ​ចង់​បាន​ចាប៉ី​ដង​វែង​ឱ្យ​មាន​សំនៀង​ល្អ ឮ​ខ្លាំង គេ​ត្រូវ​ធ្វើ​វា​តាម​ពាក្យ​ស្លោក​ចាស់​បុរាណ​ថា «ស្នូក​រាំង ដង​ក្រសាំង សន្ទះ​ខ្ទុម្ព គីង្គក់​ធ្នង់ ខ្ទង់​ឆ្អឹង» ។ ការ​បង្រៀន​ចាប៉ី​ដង​វែង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត គេ​តែងតែ​ប្រើ​ភាសា​ចាប៉ី​ថា «ត្រែង ទីង​ត្រែង ទីរី​រែង ទីង​ត្រែង ទីង​ទីង​ត្រែង ទីរី រែង ទីង​ត្រែង» ។ តាម​គំនិត​ចាស់​បុរាណ​បាន​ឱ្យ​និមិត្ដរូប​លើ​ឧបករណ៍​នេះ​ថា «ស្នូក​តំណាង​ក្បាល​នាគ ដង​តំណាង​ខ្លួន​នាគ ប្រពែ​តំណាង​កន្ទុយ​នាគ» ។

សូមជម្រាបដែរថា «​ចាប៉ី​ដង​វែង​»​ ​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិនៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០១៦ បាន​អនុម័ត​យល់ព្រមក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ​យូ​ណេ​ស្កូ សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​អរូបី​លើក​ទី​១១​នៅ​ទីក្រុង អា​ឌី​សអា​បា​បា ប្រទេស​អេ​ត្យូ​ពី។

ប្រភព៖  ស្រាវជ្រាវ​ដោយ​លោក ហ៊ុន សារិន សាស្រ្តាចារ្យ​សិល្បៈ​តន្រ្តី

Share.