សិល្បៈជាតិ៖ «ចាប៉ី» ជាពាក្យយារមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី» ។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ ។ ចាប៉ីនេះមានមុខងារសំខាន់៤យ៉ាងគឺ ៖
១.សំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀង អារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ ។
២.សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ។
៣.សំខាន់សម្រាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត ។
៤.សំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ ចាប៉ីដងវែងគ្មានវត្ដមានក្នុងវង់ភ្លេងមហោរីនេះទៀតទេ ។

ចាប៉ីដងវែងរបស់យើងមានលក្ខណៈដូចជា ៖
ដង ទាំងវែងចែកចេញជា២ឈ្មោះ គឺដង និងប្រពែ ។ ប្រពែគឺចាប់ពីព្រលួតទៅផ្នែកខាងចុង រីឯដង គឺចាប់ពីព្រលួតទៅទល់នឹងប្រអប់សំនៀង ។ ដងធ្វើអំពីដើមក្រសាំងកាលពីសម័យដើម ប៉ុន្ដែបច្ចុប្បន្ននេះគេយកឈើដទៃទៀតដែលមានគុណភាពប្រហាក់ប្រហែល នឹងដើមក្រសាំងមកធ្វើ ។
ព្រលួត (បង្គាន) មាន២ ៣ ឬ៤ ចាប៉ី ខ្លះមានព្រលួត២សម្រាប់រឹតខ្សែសំនៀង២ ចាប៉ីខ្លះមានព្រលួត៤ គឺសម្រាប់រឹតខ្សែសំនៀងទាំង៤ឱ្យមានសំនៀងតែ២ ដូចចាប៉ីដែលមានព្រលួត២ដែរ ។ ព្រលួតទាំងអស់នោះធ្វើអំពីឈើរឹងដូចជាឈើនាងនួន ឈើគ្រញូង ។ល ។ មានទំហំ និងប្រវែងប៉ុនៗគ្នា ។
ធរណី គឺជាខ្ទង់ខ្ពស់ជាងខ្ទង់ដទៃ ដែលស្ថិតនៅកៀកនឹងព្រលួតសម្រាប់ទ្រខ្សែសំនៀងឱ្យផុតពីខ្ទង់ទាំង ឡាយ ។ ធរណីនេះច្រើនតែបញ្ចុះក្បាច់ក្បូរលម្អ ។
ខ្ទង់ មានចំនួន១២ដែលតូចធំ ទាបខ្ពស់ ជាងគ្នាជាលំដាប់លំដោយមានចន្លោះពីមួយទៅមួយតាមកម្រិតសំនៀងរបស់ ខ្លួន ។ គ្រប់ខ្ទង់ទាំងអស់មានចោះប្រហោងចំកណ្ដាលសម្រាប់ដោតខ្សែការពារ ជ្រុះបាត់ ។ ខ្ទង់ចាប៉ី គ្រប់ចាប៉ីទាំងអស់មិនបិទជាប់ទៅនឹងដងមួយកន្លែងទេ ព្រោះងាយនឹងរុះរើបិទភ្លាមៗ មុនពេលប្រគំបានជាយ៉ាងនេះមកពីកាលណាបន្ទះកំណល់តូចស្ដើង ដែលដាក់កល់ខ្សែត្រង់លើក្រាញ (គីង្គក់) ខិតចុះឡើងដើម្បីរាវរកសំនៀងត្រែងៗ ដែលជាលក្ខណៈសំនៀងរបស់ចាប៉ីដងវែងធ្វើឱ្យខ្ទង់ទាំងឡាយនោះ ត្រូវតែរុះរើភ្លាមៗ ដើម្បីរាវរកសំនៀងចំរបស់ខ្លួន ។ គេច្រើនយកឈើរឹង ឬឆ្អឹងមកធ្វើខ្ទង់ ជួនកាលគេយកខ្ទង់ឫស្សីរឹងមកបិទបន្ដុបពីលើខ្ទង់ទៀត ដើម្បីចៀសវាងការសឹករឹលឆាប់ពេក ។
ស្នូក ឬប្រអប់សំនៀងមានរាងដូច ផ្លែម្នាស់ ស្នូកខ្លះទៀតមានរាងស្ទើរជ្រុងស្ទើរមូល ។ កាលពីសម័យដើម គេយកដើមរាំង មកធ្វើស្នូក បច្ចុប្បន្ននេះគេយកប្រភេទឈើដែលមានគុណភាពប្រហាក់ប្រហែលនឹងដើម រាំងមកធ្វើ ។ សន្ទះធ្វើអំពីដើមខ្ទុម្ព ដើមរលួស ដើមពពូលថ្ម ឬប្រភេទឈើស្រាលផ្សេងៗទៀត ។ ក្រាញ (គីង្គក់) ធ្វើអំពីឈើធ្នង់ ឬឈើផ្សេងទៀត ដែលមានគុណភាពផ្ដល់សំនៀងបានល្អដូចគ្នា ។

ចាប៉ីដងវែងមានខ្សែ២ ឬ៤ ប៉ុន្ដែខ្សែ៤មានសំនៀងតែ២ទេ ។ ខ្សែទី១ តូចឈ្មោះថា ខ្សែឯក ខ្សែទី២ធំឈ្មោះថា ខ្សែគ ។ ខ្សែទាំង២នេះកាលពីសម័យដើមធ្វើអំពីសរសៃសូត្រវេញចូលគ្នា ប៉ុន្ដែបច្ចុប្បន្នគេយកខ្សែជ័រនីឡុងមកប្រើជំនួសវិញ ។ ក្រចកសម្រាប់ត្រេះធ្វើអំពីបន្ទះស្នែងតូច ស្ដើងវែង ដូចជាស្នែងគោ ឬក្របី ។ល។
ចាប៉ីដងវែងមានលក្ខណៈពិសេសក្នុងការប្រើសំនៀង ត្រួតជាងសំនៀងរាយ ។ នៅពេលប្រគំបទណាក៏ដូចជាបទណាដែរ គេតែងតែត្រេះខ្សែទាំង២ស្មើគ្នា ប៉ុន្ដែលំនាំសាច់បទ គឺស្ថិតនៅលើខ្សែឯកដោយគេប្រើម្រាមដៃចុចចុះចុចឡើងទៅតាមលំនាំ នៅលើខ្សែនេះ រីឯខ្សែគ គេត្រេះបង្ហើរចោលសម្រាប់ជួយបន្ទរសាច់បទប៉ុណ្ណោះ ។
ប្រសិនបើគេចង់បានចាប៉ីដងវែងឱ្យមានសំនៀងល្អ ឮខ្លាំង គេត្រូវធ្វើវាតាមពាក្យស្លោកចាស់បុរាណថា «ស្នូករាំង ដងក្រសាំង សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង» ។ ការបង្រៀនចាប៉ីដងវែងពីម្នាក់ទៅម្នាក់ទៀត គេតែងតែប្រើភាសាចាប៉ីថា «ត្រែង ទីងត្រែង ទីរីរែង ទីងត្រែង ទីងទីងត្រែង ទីរី រែង ទីងត្រែង» ។ តាមគំនិតចាស់បុរាណបានឱ្យនិមិត្ដរូបលើឧបករណ៍នេះថា «ស្នូកតំណាងក្បាលនាគ ដងតំណាងខ្លួននាគ ប្រពែតំណាងកន្ទុយនាគ» ។
សូមជម្រាបដែរថា «ចាប៉ីដងវែង» ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៦ បានអនុម័តយល់ព្រមក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ សម្រាប់ការការពារបេតិកភណ្ឌអរូបីលើកទី១១នៅទីក្រុង អាឌីសអាបាបា ប្រទេសអេត្យូពី។
ប្រភព៖ ស្រាវជ្រាវដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី
