ភ្នំពេញ ៖ ក្មេងប្រុសម្នាក់រងរបួសធ្ងន់ ចំណែក២នាក់ទៀតជាប្តីប្រពន្ធ រងរបួសស្រាល បន្ទាប់ពីបើករុឺម៉កម៉ូតូនាំគ្នាទៅផ្សារនាគមាស រកទិញផ្លែឈើ ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់យកកាបូបលុយ បានសម្រេចហើយ គេចខ្លួនបាត់ស្រមោល តែរេចង្កូតម៉ូតូជ្រុលទៅបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវព្រះមុនីវង្ស ជិតអតីតរោងចក្រគួងហុង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះជាអ្នកបើករុឺម៉ក មានឈ្មោះ លន់ ចិន្តា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ផ្លែឈើ មានទីលំនៅភូមិ កោះតេជោរ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសក្មួយប្រុសអាយុ៣ឆ្នាំ របួសធ្ងន់ ចំណែក២នាក់ប្តីប្រពន្ធរងរបួសស្រាល ។ សម្ភារៈបាត់បង់នៅក្នុងកាបូប មានលុយខ្មែរចំនួន៧២ម៉ឺនរៀល អត្តសញ្ញាណប័ណ្ឌ សញ្ជាតិខ្មែរ ១សន្លឹក និងឯកសារពាក់ព័ន្ធនិងធនាគារមួយចំនួនទៀត។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើករុឺម៉កម៉ូតូ រួមដំណើរជាមួយប្រពន្ធនិងក្មួយប្រុស បើកម៉ូតូតាមផ្លូវព្រះមុនីវង្ស ពីត្បូងទៅជើង ឆ្ពោះទៅរកទិញផ្លែឪឡឹក នៅផ្សារនាគមាស ដើម្បីយកទៅលក់បន្តនៅឯផ្សារគគី ដូចសព្វដង លុះដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ម្នាក់ជិះម៉ូតូហុងដាឌ្រីម ម្នាក់ជិះម៉ូតូឃ្លីក ធ្វើសកម្មភាពឆក់យកកាបូបស្ពាយទៅបាត់ដោយសុវត្តិភាព តែរេចង្កូតម៉ូតូជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់រុឺម៉ក រងរបួសក្មួយប្រុស បាក់ឆ្អឹងជំនី រីឯ២នាក់ប្តីប្រពន្ធរងរបួសស្រាល។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ៕

អត្ថបទ៖ តុងសែនជ័យ

Share.