តារាចម្រៀងជើងចាស់សំឡេងខ្លាំងពេញដោយទឹកដម លោក ព្រាប សុវត្ថិ បានបង្ហោះរូបភាពអាពាហ៍ពិពាហ៍ជាមួយនឹងឧត្តមភរិយាដើម្បីរំលឹកខួប ២៤ឆ្នាំ ដែលបានចាប់ដៃរួមសុខទុក្ខជាមួយគ្នា ប៉ុន្តែក្រៅពីមានអ្នកគាំទ្រចូលមកសាទរចំណងស្នេហ៍ភក្តីនេះ បែរជាមានអ្នកចោទសួរសំនួរបែបនេះទៅកាន់លោកទៅវិញ។

កាលពីយប់ថ្ងៃទី ៥ ខែ មេសា ម្សិលមិញនេះ នៅក្រោមរូបថតនិងសំណេរខ្លីដែលលោក ព្រាបសុវត្ថិបានសរសេរថា៖ «នឹកឃើញថ្ងៃដែលបងឲ្យផ្កាស្លាអូន ពិតជាលឿនណាស់ ២៤ឆ្នាំហើយ បងមានសេចក្ដីសុខបំផុតសម្រាប់ជីវិតបង អរគុណគ្រប់យ៉ាងអូនសម្លាញ់» មានអ្នកគាំទ្រមួយចំនួនធំដែលចូលមកខមមិនបានចោទជាសំនួរដូចៗគ្នាថា «ហេតុអ្វីនៅក្នុងថ្ងៃរៀបមង្គលការលោក ព្រាប សុវត្ថិ ធ្វើទឹកមុខមាំៗ ដូចត្រូវគេបង្ខំ» ខណ:អ្នកខ្លះទៀតចោទសួរថា «បងសុវត្ថិ ថតរូបរៀបការមុខដូចភ័យៗម៉េចមិនដឹង?»។

មិនទុកឲ្យអ្នកគាំទ្រខ្លួនឆ្ងល់យូរម្ចាស់បទចម្រៀង «ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹង» បានចូលមកខមមិនតបចំពោះមតិអ្នកគាំទ្រថា៖ «អរគុណបងប្អូនចំពោះការខមមិនល្អចំពោះរូបថតអាពាហ៍ពិពាហ៍ខ្ញុំ ជំនាន់នឹងកំលោះៗ ទាល់តែមុខមាំបន្តិចទើបសង្ហា បើមិនម៉ឺងម៉ាត់តិចទេ ប្រាកដជាគាត់មិនស្រលាញ់ខ្ញុំទេ»។

លោក ព្រាប សុវត្ថិ និង ភរិយា លោកស្រី ឡុង ស្រីមុំ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីឆ្នាំ ១៩៩៧ និងមានចំណងដៃកូនប្រុសចំនួន3នាក់ដែលបច្ចុប្បន្នសុទ្ធតែជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស៕