ដោយសារមានប្រវត្តិជាអាណាព្យាបាល បារាំងបានបន្សល់នូវទម្រង់ប្រព័ន្ធច្បាប់ និងរដ្ឋបាលជាច្រើននៅកម្ពុជា យ៉ាងណាក៏ដោយ សម្រាប់ការបោះឆ្នោតរវាងប្រទេសទាំងពីរមានចំណុចខុសគ្នាច្រើនគួរសមដែរ។ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សារព័ត៌មានត្រយង សូមផ្ដល់ជូនអត្ថបទប្រៀបធៀបចំណុចមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសកម្ពុជា និងបារាំង។ ខ្លឹមសារនេះយោងទាំងស្រុងលើទិន្ន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីគណៈប្រតិភូស្ថាប័នជាតិមួយនេះទើបបញ្ចប់ទស្សនកិច្ចកិច្ចប្រទេសបារាំង។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានគូសបញ្ជាក់ថាក្រសួងមហាផ្ទៃបារាំងជាស្ថាប័នរៀបចំការបោះឆ្នោតផ្ទាល់មិនដូចជានៅកម្ពុជាទេ ដ្បិតបារាំងមិនមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយឡែក ដែលឯករាជ្យក្នុងការរៀបចំការបោះឆ្នោតនោះទេ ហើយថាក្រសួងមហាផ្ទៃបារាំងមានបណ្តាញរៀបចំការបោះឆ្នោត ដែលជាអាជ្ញាធរក្រុង ខេត្ត និងឃុំ សង្កាត់។

អគ្គលេខាធិការ គ.ជ.ប បន្តថា ក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាធម្មនុញ្ញ មានកាតព្វកិច្ចដោះស្រាយបណ្ដឹងបោះឆ្នោត និងស្ថាប័នមួយចំនួនទៀត ដូចជាស្ថាប័ននិយ័តកម្មសោតទស្សន៍ និងឌីជីថលដែលជាស្ថាប័នសម្របសម្រួល សម្រាប់ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ។

បើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ ឯកឧត្តម ទេព នីថា បានឱ្យដឹងថា គណៈប្រតិភូ គ.ជ.ប កម្ពុជា បានស្វែងយល់អំពីប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំង និងបានជម្រាបជូនពីដំណើរការនៃប្រព័ន្ធបោះឆ្នោតរបស់ខ្លួនជូនដល់ស្ថាប័នពាក់ព័ន្ធនៃបារាំងដែរ និងថា«យើងបានពង្រឹងទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធនឹងការបោះឆ្នោតបារាំង»។

អគ្គលេខាធិការ គ.ជ.ប ជើងចាស់រូបនេះបន្ថែមថា «ការបោះឆ្នោតនៅប្រទេសបារាំង បើប្រៀបធៀបនឹងប្រព័ន្ធបោះឆ្នោតកម្ពុជា មិនដូចគ្នាទ តែមានចំណុចបច្ចេកទេសមួយចំនួនល្អដែលយើងសង្កេតឃើញបារាំងបានរៀបចំ នីតិវិធីនៃការបោះឆ្នោតនីមួយៗជាស្រេច ហើយនៅពេលបោះឆ្នោតបានកែសម្រួលបន្តិចបន្តួច ជាសេចក្តីសម្រេចជាមូលដ្ឋានគតិយុត្ត ដាក់ប្រើប្រាស់ខុសពីកម្ពុជាយើង ដែលយើងធ្វើនីតិវិធីថ្មីសម្រាប់ការបោះឆ្នោតនីមួយៗ។ ទម្រង់បែបបទរៀបចំការបោះឆ្នោត បារាំង សម្រាប់ខេត្ត ឬឃុំ សង្កាត់ របស់ខ្លួនមានពណ៌ផ្សេងគ្នា ដែលងាយស្រួលចំណាំ»។

ឯកឧត្តមបន្ថែមថា បារាំងបានប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបច្រើនដែលជាជំនួយក្នុងការគ្រប់គ្រង និងផ្ទៀងផ្ទាត់ ក្នុងការបោះឆ្នោត ហើយថា«ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺមេឃុំ ជាប្រធានការិយាល័យ បោះឆ្នោតតែម្តង។ ក្នុងករណីការិយាល័យមានច្រើន មេឃុំទាំងនោះចាត់តាំងមន្ត្រីរបស់ ខ្លួនធ្វើជាប្រធានការិយាល័យបោះឆ្នោតតែម្ដង និងមានជំនួយការពីរនាក់ទៀត។ នៅពេលបោះឆ្នោតម្តងៗ បារាំងមិនមានការបង្រៀន ឬរៀបចំវគ្គបណ្តុះបណ្តាលច្រើនដូចនៅកម្ពុជាយើងទេ ដោយគេចេញសេចក្តីសម្រេចបន្ថែមថ្មីមួយ ហើយនៅថ្នាក់ក្រោម រៀបចំការបណ្តុះបណ្តាលដោយខ្លួនឯងតែម្តង»។

គណៈប្រតិភូ គ.ជ.ប បានស្វែងយល់ឃើញថា នៅប្រទេសបារាំងមានការបោះឆ្នោតច្រើន ដូចជាបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងសភាអឺរ៉ុប និងការបោះឆ្នោតថ្នាក់ក្រោមជាតិ ដូចជាថ្នាក់តំបន់ ថ្នាក់ខេត្ត ក្រុង រហូតដល់ឃុំ សង្កាត់៕

Share.