អត្តពលិកកម្ពុជា ដែលចូលរួមកាន់ភ្លើងគប់ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បាន បង្ហាញ​ក្តី​រំភើប​ចិត្តជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ក្រោយពីទទួលបានការប្រោសព្រះរាជទាន «ព្រះ​អគ្គិជ័យកីឡា» ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្ស​ត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចរត់ភ្លើងគប់ ឆ្ពោះទៅកាន់បណ្ដាប្រទេសជាសមាជិកទាំងអស់ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជា​ប្រវត្តិ​សាស្ត្រ​ដំបូងរបស់កម្ពុជា។

កីឡាករតេក្វាន់ដូ WT វ៉ា មិថុនា បានលើកឡើងថា៖ «ការរត់ភ្លើងគប់បែបនេះ គឺ​ជា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដែលក្នុង១ជីវិត អាចមានតែម្តងប៉ុណ្ណោះ។ ខ្ញុំមានសេចក្តីរីករាយ និង​មាន​កិត្តិយស​ខ្លាំង​ណាស់ ដែលទទួលការប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ពីអង្គព្រះមហាក្សត្រ»។

ជាមួយនឹងអារម្មណ៍ដ៏រំភើបរីករាយឥតឧបមាបែបនេះ អត្តពលិកតេក្វាន់ដូ WT រូបនេះ ក៏​បាន​បង្ហាញ​ការ​ប្តេជ្ញាខ្ពស់បន្ថែមថា៖ «នឹងបន្តការហ្វឹកហាត់ឱ្យខ្លាំងក្លា ដើម្បីត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​របស់​កម្ពុជា។ ពេលនេះ ខ្ញុំបានដាក់គោលដៅដណ្តើមឱ្យបានមេដាយមាស ជាថ្មីម្តងទៀត ក្នុងស៊ីហ្គេម នៅកម្ពុជា ដើម្បីថែរក្សាការពារមេដាយមាស ក្នុងនាមជាកីឡាករម្ចាស់ផ្ទះ»។

អត្តពលិកម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះបានសំណូមពរដល់ប្រជាពលរដ្ឋ យុវជនចូលរួមគាំទ្រ និង​អបអរសាទរពិធីរត់ភ្លើងគប់ នៅកម្ពុជា ក៏ដូច​ជា​ការ​រត់​ភ្លើង​នៅ​គ្រប់​ប្រទេស​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ឱ្យ​បាន​ផុសផុល ហើយចូលរួមគាំទ្រការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ឱ្យបានច្រើនកុះករ។

កីឡា​ករជម្រើសជាតិតេក្វាន់ដូ វ៉ា មិថុនា ដែលបានឈ្នះមេដាយមាស សម្រាប់ការប្រកួតស៊ីហ្គេម លើក​ទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម លើ Kyorugi ក្រោម៧៤គីឡូក្រាមនោះ បាន​បញ្ជាក់​ថា៖ «ប្រជាពលរដ្ឋ គឺជាកម្លាំងចិត្ត ដែលជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា ឱ្យកាន់តែមានស្មារតី ទឹកចិត្ត ដើម្បីដណ្តើមមេដាយ។ ក្នុងនាមខ្ញុំជាកីឡាករជម្រើសជាតិកម្ពុជា ខ្ញុំប្តេជ្ញា​ថា នឹងខិតខំដណ្តើមមេដាយជូនជាតិមាតុភូមិឱ្យទាល់តែបាន»។

ដោយឡែក ចំពោះកីឡាការិនីពិការ វ៉ិត ចន្ថា ម្ចាស់មេដាយមាសអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ដែលទទួលបានកិត្តិយសរត់ដង្ហែភ្លើងគប់ជាមួយកីឡាករ វ៉ា មិថុនា នោះ បានបង្ហាញក្តីរំភើបរកពាក្យអ្វីប្រៀបផ្ទឹមពុំបាននោះទេ។ វ៉ិត ចន្ថា បញ្ជាក់ថា៖ «នាង​ខ្ញុំ​មិន​នឹក​ស្មាន​ថា នាងខ្ញុំជាកីឡាការិនីពិការ អាចឈានដល់ចំណុចនេះនោះទេ។ នាងខ្ញុំរំភើបខ្លាំង ដល់​ស្រក់​ទឹក​ភ្នែក។ នេះជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិរបស់យើង ក៏ដូច​ជាខ្លួន​ឯង​ផ្ទាល់។ កាល​ពីពេល​មុន ខ្ញុំមិនធ្លាប់គិតទេថា ខ្ញុំទទួលបានកិត្តិយសបែបនេះ។ ខ្ញុំធ្លាប់ជាក្មេងស្នាក់នៅជាមួយគេ ខ្ញុំ​ធ្លាប់​លាង​ចាន បោកខោអាវ បម្រើនៅផ្ទះគេ។ ម្យ៉ាងទៀតជាក្មេងមានពិការភាព មិនធ្លាប់ស្រមៃថា នឹង​បាន​ក្លាយ​ខ្លួនទទួលបានកិត្តិយសបែបនេះទេ»។

កីឡាការិនីលោតចម្ងាយ វ៉ិត ចន្ថា បានបន្ថែមថា៖ «ជាមួយគ្នានេះ ខ្ញុំក៏ធ្លាប់គិតដែរថា កើត​មក​ជា​មនុស្ស​ពិ​ការ​ជើង មិនមែនជាបញ្ហាធំទេ ត្រូវតែតស៊ូក្រាញននៀលនឹងជីវិត កុំឱ្យគេថា ខ្លួន​ពិការ​ហើយ ធ្វើអ្វីមិនកើត។ ដូច្នេះនាងខ្ញុំប្តេជ្ញាចិត្តថា ខិតខំតស៊ូប្រឹងប្រែងនឹងជីវិត បើ​ទោះ​បី​ជា​ត្រូវ​ជួប​នឹង​ការ​លំបាក​បែបណាក៏ដោយ ក៏ត្រូវតែតស៊ូពុះពារទៅមុខជានិច្ច។ ជាក់​ស្តែង​ពេល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា គឺនាងខ្ញុំជោគជ័យ»។

គួរបញ្ជាក់ថា កីឡាការិនីអត្តពលកម្មជនពិការ វ៉ិត ចន្ថា ជាម្ចាស់មេដាយមាស លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២៕

ប្រភព៖ Camsoc

Share.