សិល្បៈជាតិ៖ ឆ្នាំ២០២៣នេះ សង្ក្រាន្តបាត់ដំបង នឹងមានអ្វីជាច្រើនដែលប្លែក ជាពិសេសនឹងបង្កើតការសប្បាយជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនិងដើម្បីធ្វើការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា។
សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៣នេះ នឹងមានការរៀបចំកម្មវិធីសិល្បៈ ការលេងល្បែងប្រជាប្រិយ៍ផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យស្គាល់ពីទំនៀមទំលាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំងបង្ហាញនូវផលិតផល និងសមិទ្ធិផលនានាក្នុងខេត្តទស្សនាតំបន់ទាំង៩ រួមមាន តំបន់ពិព័រណ៍ទូទៅ តំបន់ត្រជាក់ចិត្ត តំបន់តន្រ្តីស្រុកស្រែ តំបន់អាហារនៃក្តីស្រឡាញ់ តំបន់ភូមិ ស.ស.យ.ក. តំបន់ភូមិម្ហូបខ្មែរ តំបន់តន្រ្តីសម័យ តំបន់ក្បាច់គុណ តំបន់សាសនា។
ក្រៅពីកម្មវិធីកម្សាន្តនាពេលថ្ងៃហើយនោះ នៅពេលរាត្រី មានការប្រគុំតន្ត្រី ការប្រកួតប្រដាល់គុនខ្មែរ ព្រមទាំងមានការរៀបចំតែងលម្អភ្លើងពណ៌ នៅតាមស្តង់ និងតាមតំបន់នានា ជាច្រើនទៀត។ ដោយឡែកក្នុងតំបន់ត្រជាក់ចិត្តឆ្នាំនេះ នឹងរៀបចំការប្រជុំតន្រ្តីខ្នាតយក្ស EDM សម្រាប់បំរើជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកំសាន្ត ក្នុងនោះមានទាំង DJ ល្បីៗ មកចូលរួមការរាំលេងកំសាន្ត បាញ់ទឹក ពពុះសាប៊ូទៀតផង។
នេះបើតាមរយៈគណនីហ្វេកប៊ុក របស់លោក Kanol pitou កាណុល ពិទូរ្យ បានសរសេរថា”កាំភ្លើងពពុះសាប៊ូ បានមកដល់ខេត្តបាត់ដំបងហើយ សម្រាប់សង្ក្រាន្តបាត់ដំបង ២០២៣ តំបន់ត្រជាក់ចិត្តឆ្នាំនេះសប្បាយទៀតហើយ…. “។
បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដែលបានឈប់សម្រាកក្នុងឱកាសចូលឆ្នាំនេះ អាចអញ្ជើញទៅទស្សនានិងចូលរួមលេងកម្សាន្តសង្ក្រាន្តបាត់ដំបង ព្រោះមានទស្សនីយភាពផ្សព្វផ្សាយពីវប្បធម៌ និងការកម្សាន្តជាច្រើនតាំងពីព្រឹកព្រលឹមរហូតដល់ពេលយប់ ពិសេសការបាញ់ទឹក ពពុះសាប៊ូ ផ្ដល់ភាពត្រជាក់ត្រជុំដល់បងប្អូនដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីសង្ក្រាន្តបាត់ដំបង៕