មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តស៊េរីទំនើបមួយគ្រឿងដែលបើកបរដោយបុរសជនជាតិចិនម្នាក់ទៅបុកនិងរថយន្តមួយគ្រឿងទៀតដែលចតទុកចោលបណ្តាលឲ្យខូចខាតទាំងសងខាង តែសំណាងល្អ ពុំបណ្តាលឲ្យមនុស្សរងរបួសឬបាត់បង់ជីវិតនោះឡើយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៣ទាបភ្លឺឈានចូលថ្ងៃទី០១កក្កដា ឆ្នាំ២០២១ នេះ ចំណុចផ្លូវបំបែកជាបួន ពីស្រែត្រកួនឆ្ពោះទៅបុរី គុជអាស៊ីស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាកPocsehe ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-6669 បើកបរក្នុងល្បឿនលឿន ដោយបុរសជនជាតិចិនស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ។

លុះមកដល់ចំណុចកើតហេតុក្បែរកែងស្តុបផ្សារពាណិជ្ជកម្ម ក៏រេចង្កូតទៅបុកប៉ះរថយន្ត មួយគ្រឿង ដែលចតទុកចោលនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ក្រោយពេលកើតហេតុបុរសជនជាតិចិនដែលបើករថយន្តPocseheខាងលើបន្តបើករត់គេចខ្លួនមកដល់ចំណុចផ្លូវកែងក្បែរបុរីគុជអាស៊ី ក៏បើកទ្វារចុះពីរថយន្ត និងទុករថយន្តចោលហើយនាំស្រីស្នេហ៍រត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នរថយន្តដែលជាវត្ថុតាងទាំងពីរខាងលើត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុក នៅប៉ុស្តិ៍ចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រង់ចាំម្ចាស់ចូលខ្លួនមកដោយស្រាយទៅតាមនីតិវិធី៕

អត្តបទ៖ តោពីរ ក្រុងព្រះសីហនុ

Share.