ភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំង ជ្រុលចង្កូតទៅបុកម៉ូតូហុងដាឌ្រីម ដែលចតឈប់ចិញ្ចើមផ្លូវ ហើយបន្តទៅបុករោងការ ដែលគេកំពុងរៀបចំនៅចិញ្ចើមផ្លូវ រងខូចខាត ។

ហេតុការណ៍ខាងលើកើឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ២ មុខបុរីពិភពថ្មីគួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបែនដឹកដី ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ KDL-1344 បើកបរដោយបុរសម្នាក់ ពីកើតទៅលិច តែដោយសារអ្នកបើកបរងងុយដេក ងោកមួយភាំងជ្រុលចង្កូតទៅបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ
1IW-1087 ដែលចតឈប់ចិញ្ចើមផ្លូវ ជាប់ម៉ូតូអូសច្រើនម៉ែត្រ ជ្រុលទៅបុករោងការ ដែលគេកំពុងរៀបចំ បណ្តាលឲ្យរងខូចខាត ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗ យករថយន្តនិងម៉ូតូ ទៅប៉ុស្តិ៍នគរបាល ជាបណ្តោះអាសន្ន ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.