ព្រៃវែង៖ កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង បានល្បាតចល័ត និងធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ១៦ និង ៤០ នាទី នៅចំណុចផ្លូវលេខ ៣១០ ស្ថិតនៅភូមិ ៦ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង ករណី ជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ អ៊ុក ឈា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ ។

ក្រោយឃាត់ខ្លួន នគរបាលដកហូតបាន ម៉្សៅក្រាមពណ៌សថ្លា (សង្ស័យថ្នាំញៀន) ចំនួន ១១ កញ្ចប់ (តូច ០៧ កញ្ចប់, ធំ ០៤ កញ្ចប់) មានទម្ងន់ ១២,៦៨ ក្រាម, ទូរស័ព្ទដៃ ០៥ គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ០១ គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន និងបានធ្វើតេស្តរកឃើញវិជ្ជមានសារធាតុញៀន ។

បច្ចុប្បន្ន ករណីខាងលើ នគរបាល បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយជនសង្ស័យ ត្រូវបានសាលាដំបូងខេត្ត ចេញដីកាបង្គាប់ឱ្យឃុំខ្លួនតាមច្បាប់ ៕

អត្ថបទ៖ ចតុមុខ

Share.