បាត់ដំបង÷ ខ្យល់កន្ត្រាក់រដូវប្រាំងបោកបក់ខ្លាំងក្លាបានបំផ្លាញផ្ទះពលរដ្ឋ កុដិលោកសង្ឃ និងបោកបក់ដើមឈើបណ្តាលរលំជាច្រើនដើមក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

អាជ្ញាធរបានបញ្ជាក់ព័ត៌មានបឋមបានឲ្យដឹងថា ឥទ្ធិពលខ្យល់កន្ត្រាក់រដូវប្រាំងមេឃក្តៅហួតហែងនេះបានគំរាមកំហែង និងប៉ះពាល់ទៅលើឃុំចំនួន ០២ នៅល្ងាចថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ ក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា÷ ឃុំដែលរងផលប៉ះពាល់មានឃុំអូរដំបង១ ខូចខាតផ្ទះប៉ើងដំបូលសង្ក័សីចំនួន ៣ខ្នងផ្ទះ, កុដិរបស់ព្រះសង្ឃ ០១ខ្នង, រលំរោងគោសង្កត់លើម៉ូតូខូចខាត ០១គ្រឿង និងរលំបាក់ដើមឈើតូចធំជាច្រើនដើមទៀត ចំណែកឃុំមួយទៀតគឺឃុំវត្តតាមិម ប៉ះពាល់ខូចខាតផ្ទះរបស់ប្រជាពលរដ្ឋធ្ងន់ និងស្រាលចំនួន ១០ខ្នងទៀត។

ចំពោះមុខនេះមន្ត្រី និងសមត្ថកិច្ចមូលដ្ឋានកំពុងពន្លឿនចុះស្រង់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋបន្តទៀត ពិសេសនៅតំបន់ដាច់ស្រយាល៕

អត្ថបទ៖ដំបងក្រញូង

Share.