នៅយប់ថ្ងៃពុធ សប្ដាហ៍នេះ ក្លិប​បាល់ទាត់​សមាជិក​លីគ​កំពូល​អង់គ្លេស English Premier League មាន Everton និង Tottenham Hotspur សុទ្ធ​តែ​បាន​បង្ហាញ​​មុខ​​អ្នក​ចាត់​ការ​ក្រុម​ថ្មី​រៀងៗខ្លួន​មុន​រដូវកាល​ឆ្នាំ​២០២១-២២ មក​ដល់​នា​ពេល​ខាង​មុខ។

លោក​ Nuno Espírito Santo ជនជាតិ​ព័រទុយហ្គាល់ ដែល​ទើប​ផុត​​កិច្ចសន្យា​ជាមួយ​ក្រុម Wolverhampton Wanderers បាន​សម្រេច​ចិត្ត​ចូលរួម​ក្នុង​ក្រុម Tottenham Hotspur ក្រោយ​​កៅអី​នេះ​ទំនេរ​មួយ​រយៈ​បន្ទាប់​ពី​ក្លិប​ចែក​ផ្លូវ​ជាមួយ​អ្នកចាត់ការ​ទូទៅ​ចាស់ José Mourinho កាល​ពី​ខែ​មេសា កន្លង​ទៅ។

ចំណែក​លោក Rafael Benítez អ្នកចាត់ការ​ទូទៅ​ជនជាតិ​អេស្ប៉ាញ បាន​សម្រេច​ចិត្ត​ទៅ​ចូលរួម​ជាមួយ​ក្រុម Everton បន្ទាប់​ពី​លោក​ទំនេរ​មួយ​រយៈ​​ក្រោយ​ចាកចេញ​ពី​ក្រុម Dalian Professional នៅ​លីគ​កំពូល​ប្រទេស​ចិន។ នេះ​ជា​ដំណើរ​ទៅ​កាន់​ទីក្រុង Liverpool ឡើង​វិញ​ក្រោយ​ពី​លោក​ចាកចេញ​ពី​ក្លិប​បាល់ទាត់ Liverpool កាល​ពី​ឆ្នាំ​២០១០។ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​សូវ​ពេញ​ចិត្ត​ក្នុង​ដំណើរ​ទៅ​ចូលរួម​ក្រុម Everton របស់​លោក ព្រោះ​លោក​ធ្លាប់​មាន​ប្រវត្តិ​ដឹកនាំ​ក្រុម​គូ​ប្រជែង​នា​ពេល​កន្លង​ទៅ។

អត្ថបទពាក់ព័ន្ធ៖លោក Jose Mourinho រក​បាន​ការងារ​ថ្មីហើយ

ពានរង្វាន់English Premier League មាន​សមាជិក​ចំនួន​២០ក្រុម ហើយ​នៅសល់​តែ​ក្រុម​ Crystal Palace ប៉ុណ្ណោះ​ដែល​រក​អ្នក​ចាត់ការ​ទូទៅ​ក្រុម​មិន​ទាន់​ឃើញ​ក្រោយ​លោក Roy Hodgson ផុត​កិច្ចសន្យា៕

Telegram-Troryorng
Share.