លោក Jose Mourinho ដែល​ទើប​តែ​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប​បាល់ទាត់​Tottenham Hotspur F.C កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ​ ពេល​នេះ​​រក​ការងារ​ថ្មី​បាន​ហើយ គឺ​ទៅ​ដឹកនាំ​ក្លិប​បាល់ទាត់ AS Roma នៅ​លីគ​កំពូល​ប្រទេស​អ៊ីតាលី Serie A។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​ក្លិប​បាល់ទាត់ Roma នៅ​យប់នេះ​អង្គារ នេះ (ម៉ោងនៅកម្ពុជា) លើ​បណ្តាញ​សង្គម Twitter របស់​ខ្លួន។

អត្ថបទពាក់ព័ន្ធ៖ក្ដៅៗ ក្លិប Spur បញ្ចប់​កុងត្រា​លោក Jose Mourinho

បើ​តាម​សារព័ត៌មាន eurosport បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ នឹង​ដឹកនាំ​ក្រុម Roma រហូត​ដល់​ឆ្នាំ​២០២៤ ខាង​មុខ។ ដំណើរ​ទៅ​ដល់​របស់​លោក Mourinho គឺ​ប្រកាស​ប៉ុន្មាន​ម៉ោង​ក្រោយ Roma ប្រកាស​ចែក​ផ្លូវ​នឹង​អ្នកចាត់ការ​​ទូទៅ​ក្រុម​ចាស់​លោក Paulo Fonseca។

អ្នកចាត់ការ​ក្រុម​វ័យ​៥៨ឆ្នាំ​រូប​នេះ ធ្លាប់​ជោគជ័យ​នៅ​ទឹកដី​អ៊ីតាលី ម្តង​រួច​មក​ហើយ កាល​ពី​ដឹកនាំ​ក្រុម Inter Milan ចន្លោះ​ឆ្នាំ​២០០៨ ដល់​២០១០។ កាល​ណោះ​លោក​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ជើង​ឯក​ Serie A ២ឆ្នាំ​ជាប់គ្នា នៅ​ឆ្នាំ​២០០៨-០៩ និង​២០០៩-១០ ព្រម​ទាំង​ឈ្នះ​ជើង​ឯក​ពាន Coppa Italia នៅ​ឆ្នាំ​២០០៩-១០ ឈ្នះ​ពាន Supercoppa Italianaឆ្នាំ​២០០៨ និង​ឈ្នះ​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Champions League ឆ្នាំ​២០០៩-១០។

មុន​ទៅ​ដល់ Roma លោក Mourinho ធ្លាប់​ដឹកនាំ​ក្រុម​ Benfica នៅ​ស្រុក​កំណើត ឆ្នាំ​២០០០ មុន​បន្ត​ដឹកនាំ​ក្រុម​União de Leiria និង​ទៅ​ដឹកនាំ​ក្រុម​ Porto។ ឆ្នាំ​២០០៤ លោក​ចេញ​ទៅ​ដឹកនាំ​ក្លិប Chelsea នៅ​អង់គ្លេស មុន​ចាកចេញ​នៅ​ឆ្នាំ​២០០៧ នៅ​ឆ្នាំ​២០០៨ ដល់​២០១០ ទៅ​ដឹកនាំ Inter Milan ហើយ​ពី​ឆ្នាំ​២០១០ ដល់​២០១៣ ធ្វើដំណើរ​ទៅ​ទឹកដី​អេស្ប៉ាញ ដឹកនាំ​ក្លិប​យក្ស Real Madrid ហើយ​ឆ្នាំ​២០១៣ ដល់​២០១៥ ត្រឡប់​ទៅ Chelsea វិញ។ ពី​ឆ្នាំ​២០១៦ ដល់​២០១៨ លោក​ដឹកនាំ​ក្លិប Manchester United និង​បន្ត​ដឹកនាំ​ក្រុមTottenham Hotspur ពី​ឆ្នាំ​២០១៩ ដល់​២០២១៕

Share.