ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៣ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវចោមចៅ មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកទៅលក់បានលុយ៧០ដុល្លារ នាំគ្នាទៅសង្ងំដេកនៅក្នុងបន្ទប់ខុនដូរ លេខ១០០៤ ក្បែរអាងទឹក ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ទៅតាមចាប់ខ្លួនបាននៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា សង្ស័យទាំង៣នាក់ ៖ ទី១ ឈ្មោះ វិរៈ ដារូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ពានខ្ពស់ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ទី២ ឈ្មោះ ឃាម សុខបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ទី២ ឈ្មោះ អ៊ុន លីរ៉ាវុធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌ ដង្កោ ជាអ្នកឆក់ ។

សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យទាំង៣នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1JM-3695 បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក I phone xs max ពីជនរងគ្រោះឈ្មោះ សាយ ស្រីផល ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ពីល៨ចទៅកើត ត្រង់ចំណុចមុខផ្សារត្រពាំងថ្លឹង បានសម្រេចហើយនាំគ្នាជិះគេចបាត់អស់ ហើយជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍ចោមចៅទី១ តាមស្រាវជ្រាវចាប់ខ្លួនបានទាំង៣នាក់ កំពុងសង្ងំដេកក្នុងបន្ទប់ខុនដូរ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រួមជាមួយនារីជាសង្សារចំនួន៣នាក់ទៀត ។

ជនសង្ស័យបានសារភាពថា ពិតជាឆក់យកទូរស័ព្ទពីនារីរងគ្រោះពិតប្រាកដមែន យកទៅលក់បានលុយចំនួន៧០ដុល្លារ រួចទៅសង្ងំដេក បន្ទប់ខុនដូរជាមួយសង្សារ ។

ជនសង្ស័យត្រូវបាននាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯនារីចំនួន៣នាក់ ពុំមានពាក់ព័ន្ធនឹងបទល្មើស សមត្ថកិច្ចគ្រាន់តែអប់រំរួចអនុញ្ញាតិឲ្យត្រឡប់ទៅវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.