ប្រធានសភារុស្ស៊ី នាថ្ងៃ សៅរ៍ នេះ បានស្នើឲ្យហាមឃាត់សកម្មភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បន្ទាប់ពីតុលាការនេះបានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ សៅរ៍ ទី ២៥ ខែ មីនា ឆ្នាំ ២០២៣។

លោក Vyacheslav Volodin ដែលជាសម័ន្ធមិត្តរបស់លោក ពូទីន បាននិយាយថា ច្បាប់របស់រុស្ស៊ីគួរតែត្រូវបានធ្វើវិសោធនកម្ម ដើម្បីហាមឃាត់រាល់សកម្មភាពរបស់តុលាការ ICC នៅក្នុងប្រទេស និង ដើម្បីដាក់ទណ្ឌកម្មអ្នកដែលផ្ដល់ជំនួយ និង ការគាំទ្រដល់តុលាការ ICC។

លោក Volodin បាននិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ Telegram ថា «វាចាំបាច់ក្នុងការធ្វើវិសោធនកម្មច្បាប់ ដែលហាមឃាត់សកម្មភាពណាមួយរបស់តុលាការ ICC នៅលើទឹកដីនៃប្រទេសរបស់យើង»។

លោក បន្ថែមថា សហរដ្ឋអាមេរិកបានបង្កើតច្បាប់ដើម្បីការពារពលរដ្ឋរបស់ខ្លួនដែលមិនធ្លាប់ត្រូវបានកាត់ទោសដោយតុលាការក្រុង ឡាអេ ហើយថា រុស្ស៊ីគួរតែបន្ដធ្វើការងារនោះដែរ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីដើមខែ មីនា នេះ ដោយចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី ពីបទ ឧក្រិដ្ឋកម្មសង្រ្គាម ដែលបាននិរទេសកុមាររាប់រយនាក់ចេញពីប្រទេស អ៊ុយក្រែន ដោយខុសច្បាប់។ តុលាការបានបន្ថែមថា មានភស្ដុតាងដ៏សមហេតុផលមួយ ដើម្បីបញ្ជាក់ថា លោក ពូទីន ត្រូវទទួលខុសត្រូវចំពោះបទល្មើសព្រហ្មទណ្ឌ។

យ៉ាងណាម៉ិញ មន្រ្តីរុស្ស៊ីជាច្រើនបានព្រមានថា រាល់ការប៉ុនប៉ងចាប់ខ្លួន លោក ពូទីន ដែលជាមេដឹកនាំកំពូលរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ ១៩៩៩ គឺស្មើនឹងការប្រកាសសង្រ្គាមប្រឆាំង នឹងប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក។

វិមានក្រឹមឡាំងក៏ធ្លាប់បាននិយាយហើយថា ដីកាចាប់ខ្លួនរបស់តុលាការ ICC គឺ គ្មានន័យសម្រាប់ប្រទេសរុស្ស៊ីឡើយ ព្រោះរុស្ស៊ីមិនមែនជាប្រទេសហត្ថលេខីនៃលក្ខនិ្ដកៈទីក្រុង រ៉ូម ដែលជាសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិដែលបានចុះហត្ថលេខាដោយប្រទេសចំនួន ១២៣ ដែលគ្រប់គ្រងដោយតុលាការជាន់ខ្ពស់នោះឡើយ។

សូមជម្រាបថា ប្រទេសមហាអំណាចដូចជារុស្ស៊ី សហរដ្ឋអាមេរិក និង ចិន មិនមែនជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នោះទេ បើទោះបីជាប្រទេសចំនួន ១២៣ ជារដ្ឋភាគីនៃលក្ខន្ដិកៈទីក្រុង រ៉ូម រួមទាំង ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និង អតីតសាធារណរដ្ឋសូវៀតមួយចំនួន ដូចជា តាជីគីស្ថាន។ ជាពិសេស អ៊ុយក្រែន ក៏មិនមែនជាសមាជិកនៃតុលាការ ICC ដែរ បើទោះជាទីក្រុង កៀវ បានផ្ដល់យុត្តាធិការឲ្យ ICC កាត់ទោសឧក្រិដ្ឋកម្មដែលប្រព្រឹត្តលើទឹកដីខ្លួនក៏ដោយ៕

ប្រភព៖ Reuters

Share.