ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃ សៅរ៍ ថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តនៅក្នុងប្រទេស បេឡារុស្ស ដែលជាប្រទេសជិតខាង និងជាលើកដំបូងចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៩០ ដែលទីក្រុង ម៉ូស្គូ ចង់ដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្រៅប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣។

លោក ពូទីន បានប្រកាសបែបនេះ នៅពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយលោកខាងលិចជុំវិញសង្រ្គាមនៅអ៊ុយក្រែន និង ស្របពេលដែលអ្នកអត្ថាធិប្បាយរុស្ស៊ីមួយចំនួនបានប៉ាន់ស្មានអំពីការវាយប្រហារនុយក្លេអ៊ែរដែលអាចកើតមាន។

ទន្ទឹមនោះសហរដ្ឋអាមេរិក ដែលជាមហាអំណាចនុយក្លេអ៊ែរមួយក្នុងចំណោមប្រទេសមហាអំណាចផ្សេងទៀតក្នុងពិភពលោក បានប្រតិកម្មចំពោះការប្រកាសនេះយ៉ាងប្រុងប្រយ័ត្ន។

លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋថា ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានលើកឡើងពីបញ្ហានៃការដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តនៅក្នុងប្រទេសរបស់លោកជាយូរមកហើយ។

លោក ពូទីន បន្ដថា «គ្មានអ្វីចម្លែកនៅទីនេះទេ ដំបូងឡើយសហរដ្ឋអាមេរិកធ្វើរឿងនេះអស់ជាច្រើនទសវត្សរ៍មកហើយ។ ពួកគេបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តរបស់ពួកគេនៅលើទឹកដីនៃប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេជាយូរមកហើយ។ យើងបានឯកភាពគ្នាថា ពួកយើងនឹងត្រូវតែធ្វើដូចគ្នា ហើយវាមិនបំពានលើកាតព្វកិច្ចអន្តរជាតិរបស់យើងស្ដីពីការមិនរីកសាយនៃអាវុធនុយក្លេអ៊ែរឡើយ»។

លោក ពូទីន បានឲ្យដឹងថា រុស្ស៊ីបានដាក់ពង្រាយយន្ដហោះចម្បាំងចំនួន ១០គ្រឿង នៅក្នុងប្រទេស បេឡារុស្ស ដែលយន្ដហោះទាំងនោះមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត ដោយបន្ថែមថា ទីក្រុង ម៉ូស្គូ បានផ្ទេរប្រព័ន្ធមីស៊ីលយុទ្ធសាស្រ្ត Iskander មួយចំនួនទៅប្រទេស បេឡារុស្សរួចហើយ ដែលពួកវាសុទ្ធតែអាចបាញ់អាវុធនុយក្លេអ៊ែរបាន។ លោក ថា ការប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរនេះ គឺដើម្បីជាសញ្ញាព្រមានដ៏ធ្ងន់មួយចំពោះអង្គការ NATO ជុំវិញការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់ខ្លួន។

យ៉ាងណាម៉ិញ លោក ពូទីន មិនបានបញ្ជាក់ពីពេលវេលាដែលត្រូវផ្ទេរអាវុធនេះទៅប្រទេស បេឡារុស្ស ដែលមានព្រំប្រទល់ជាមួយសមាជិកអង្គការ NATO ចំនួន ៣ ដូចជា៖ ប៉ូឡូញ លីទុយអានី និង ឡាតវី នោះទេ។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់អាមេរិកម្នាក់បានកត់សម្គាល់ឃើញថា រុស្ស៊ី និង បេឡារុស្ស បាននិយាយគ្នាអំពីកិច្ចព្រមព្រៀងបែបនេះកាលពីឆ្នាំមុន ហើយមិនមានសញ្ញាណាមួយដែលទីក្រុង ម៉ូស្គូ គ្រោងនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។

អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត សំដៅលើប្រភេទអាវុធនុយក្លេអ៊ែរ ដែលប្រើប្រាស់ជាពិសេសសម្រាប់យកប្រៀបលើសមរភូមិ មិនមែនជានុយក្លេអ៊ែរដែលមានសមត្ថភាពរំលាយទីក្រុងមួយទាំងមូលឲ្យបាត់ចេញពីផែនដីនោះឡើយ។ ប៉ុន្ដែគេមិនច្បាស់ទេថា តើរុស្ស៊ីមានសព្វាវុធនេះប៉ុន្មានគ្រាប់នោះទេ ព្រោះវានៅតែជាតំបន់ដែលគ្របដណ្ដប់ក្នុងសង្រ្គាមត្រជាក់។

សូមជម្រាបថា រុស្ស៊ី និង បេឡារុស្ស មានទំនាក់ទំនងយោធាយ៉ាងជិតស្និទ្ធ ហើយទីក្រុង មីន៍ បានអនុញ្ញាតឲ្យទីក្រុង ម៉ូស្គូ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបញ្ជូនកងទ័ពចូលអ៊ុយក្រែនកាលពីឆ្នាំមុនផងដែរ ខណៈខែ មករា ដើមឆ្នាំនេះ ប្រទេសទាំង២ ក៏បានបង្កើនការហ្វឹកហ្វឺនយោធារួមគ្នា៕

ប្រភព៖ CNA

Share.