ប្រទេស​ចិនបានបង្កើតទំនាក់ទំនងការទូតជាមួយហុងឌូរ៉ាស នាថ្ងៃ អាទិត្យ នេះ បន្ទាប់ពីប្រទេសអាមេរិកកណ្ដាលមួយនេះបានបញ្ចប់ទំនាក់ទំនងដែលមានអាយុកាលរាប់ទស្សវត្សរ៍ជាមួយតៃវ៉ាន់ ខណៈរដ្ឋមន្រ្តីការបទេសតៃវ៉ាន់បានចោទប្រកាន់ប្រទេស ហុងឌូរ៉ាស ពីការទាមទារប្រាក់កម្រៃហួសប្រមាណមុនពេលត្រូវបានដេញចេញដោយទីក្រុង ប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣។

ការបញ្ចប់ទំនាក់ទំនងជាមួយតៃវ៉ាន់ត្រូវបានគិតទុកជាយូរមកហើយ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស បានធ្វើដំណើរទៅកាន់ប្រទេស ចិន កាលពីសប្ដាហ៍មុន ដើម្បីបង្កើតទំនាក់ទំនងថ្មី ហើយលោកស្រី Xiomara Castro ដែលជាប្រធានាធិបតីហុងឌូរ៉ាស បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីនឹងចាប់ផ្ដើមទំនាក់ទំនងជាមួយទីក្រុង ប៉េកាំង។

ប្រទេស ចិន បាននិយាយថា រដ្ឋមន្រ្តីការបរទេសរបស់ខ្លួន លោក Qin Gang និង រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស លោក Enrique Reina បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការទទួលស្គាល់ការទូតនៅទីក្រុង ប៉េកាំង ដោយបញ្ចាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ដែលមានអាយុកាលតាំងពីឆ្នាំ ១៩៤០ ជាផ្លូវការ។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយកាលពីល្ងាចថ្ងៃ សៅរ៍ ក្រសួងការបរទេសហុងឌូរ៉ាស បាននិយាយថា ខ្លួនបានទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឲ្យប្រទេស ចិន ទាំងអស់ ហើយថា តៃវ៉ាន់ គឺជាផ្នែកដែលមិនអាចបំបែកបានពីទឹកដីរបស់ចិន។

បន្ទាប់ពីការប្រកាសបែបនេះ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បានថ្លែងចេញពីទីក្រុង តៃប៉ិ ភ្លាមៗថា លោកស្រី Castro ដែលចូលកាន់តំណែងជាប្រធានាធិបតីហុងឌូរ៉ាស កាលពីឆ្នាំមុន ថា រដ្ឋាភិបាលរបស់លោកស្រីតែងតែមានការបោកបញ្ឆោតពីប្រទេស ចិន ហើយការអូសទាញរបស់ចិន មិនដែលបញ្ឈប់នោះទេ។

លោក Wu បាននិយាយថា «ក្រសួងការបរទេស និង ស្ថានទូតបានចាប់យកព័ត៌មានដែលពាក់ព័ន្ធ ហើយដោះស្រាយវាយ៉ាងប្រុងប្រយ័ត្ន។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលលោកស្រី Castro ក៏បានស្នើសុំឲ្យយើងនូវជំនួយសេដ្ឋកិច្ចដ៏ធំសម្បើមរាប់ពាន់លានដុល្លារ និង ប្រៀបធៀបតម្លៃសម្រាប់កម្មវិធីជំនួយដែលផ្តល់ដោយតៃវ៉ាន់ និង ចិន”។

យ៉ាងណាម៉ិញ ថ្វីត្បិតតៃវ៉ាន់បាត់បង់ទំនាក់ទំនងការទូតរាប់ទស្សវត្សរ៍ជាមួយហុងឌូរ៉ាសក៏ដោយ ក៏តៃវ៉ាន់នៅសល់សម្ព័ន្ធមិត្តការទូតចំនួន ១៣ប្រទេសទៀត៕

ប្រភព៖ CNA

Share.