​សិល្បៈ​ជាតិ​៖ បទ​ចម្រៀង​ «រាំ​រង្វើល​» ដែល​ជា​បទ​​ត្រៀម​អបអរ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ កំពុង​តែ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង​ព្រោះ​បទ​ចម្រៀង​នេះ​​ក្រៅ​ពី​បង្ហាញ​ទិដ្ឋភាព​ចូលឆ្នាំ​ខ្មែរ​ហើយ​​នៅ​​​រំលេច
​​របាំ​ជា​ច្រើន​មុខ​ ជា​ពិសេស​​គឺ​​របាំ​ក្ងោក​ប៉ៃលិន​។

បទ​ចម្រៀង​​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​មួយ​នេះ​​ទើប​តែ​ត្រូវ​បាន​បង្ហោះ​ឱ្យ​អ្នក​គាំទ្រ​និង​សាធារណជន​បាន​ទស្សនា​កាល​ពី​ថ្ងៃ​ ៩ ​ខែ ​មីនា ​នេះ​ ក្រៅ​ពី​លោក​ នីកូ មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ជា​ច្រើន​ដួង។ បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​​ទំនុក​ច្រៀង​ឡើង​ដោយ​លោក ណុប អ៊ីនូ ច្រៀង​និង​សម្ដែង​ដោយ​លោក​នីកូ នេះ​បាន​​​រំលេចនូវ​​ទិដ្ឋភាព​ចូលឆ្នាំ​ខ្មែរ​​នៅ​ក្នុង​ឈុតឆាក​ជា​ច្រើន​ ចង​លម្អ​គោមផ្កាយ​ ​ លេង​​​ល្បែង​ប្រជាប្រិយ ទាញ​ព្រ័ត្រ ​វាយ​ក្អម​ និង​​រាំ​របាំ​ប្រជា​ប្រិយ​ ដូច​ជា​របាំ​នេសាទ​ របាំគោះ​ត្រលោក​ របាំ​ឆៃយ៉ាំ​ របាំកន្តូបសេះ និង​ជា​ពិសេស គឺ​​របាំ​ក្ងោក​ប៉ៃលិន ដែល​លោក​នីកូ ជា​អ្នក​រាំ​ដោយ​​ផ្ទាល់​តែម្ដង​។​

យ៉ាង​ណា​មិញ​អ្វី​ដែល​ធ្វើ​ឱ្យ​បទចម្រៀង​មាន​សន្ទុះ​គាំទ្រ​ច្រើន​ឡើង​ជា​លំដាប់​អាស្រ័យ​ដោយ​កត្តា​ខាង​លើ​ ជា​ពិសេស​គុណភាព​រូប​ភាព​ស្អាត​ត្រជាក់​ភ្នែក ធ្វើ​ឱ្យ​ទស្សនា​កាន់​តែ​ជក់ចិត្ត​ មិន​អាច​ដក​ភ្នែក​ចេញ​ពី​ផ្ទាំង​ទស្សនីយ​ភាព​​ដ៏​ល្អឯក​នៅ​ក្នុង​បទចម្រៀង​នេះ​ ទើប​ធ្វើ​ឱ្យ​ចំនួន​ទស្សនា​នៅ​លើ​ Platform Youtube រហូត​មក​ដល់​ថ្ងៃ​ទី​២៧ មីនា​ មាន​ចំនួន​ចូលទស្សនា​កើន​ឡើង​រហូត​ដល់​១.៣​លាន​ដង។

តាម​ពិត​ទៅ​របាំ​ក្ងកោក​របស់​ខ្មែរ​មាន​ចំនួន​៣​ប្រភេទ​ផ្សេងៗ​គ្នា​គឺ របាំ​ក្ងោក​ពោធិ៍សាត់​ របាំ​ក្ងោក​​ភ្នំក្រវ៉ាញ និង​របាំ​ក្ងោក​ប៉ៃលិន​។ របាំ​ក្ងោក​ប៉ៃលិន​ គឺជា​របាំ​មួយ​ប្រភេទ​ដែល​ជនជាតិ​កូឡា និយម​លេង​នៅ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​ ជា​ពិសេស​គឺ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​តែម្ដង​។ របាំ​ក្ងោក​ប៉ៃលិន​ ត្រូវ​បាន​ជនជាតិ​កូឡា យក​ទៅ​សម្ដែង​ក្នុង​ពិធីបុណ្យនានា​ ក្នុង​គោលបំណង​បង្ហាញ​ពី​ប្រពៃណី​ ទំនៀមទម្លាប់​ និងចង់បង្កើនបរិយាកាសសប្បាយរីករាយ ជាពិសេសដើម្បីសូមពរជ័យសិរីមង្គលដល់ប្រជាពលរដ្ឋកូឡាគ្រប់ៗរូប។

តែបើយោងតាមរឿងព្រេងនិទាន ដែលប្រជាពលរដ្ឋខេត្តប៉ៃលិនមួយចំនួនបានតំណាល​តៗ​គ្នា​នោះមានសេចក្ដីថា៖ កាល​ពី​ដើម​ មានរាជបុត្រីក្សត្រមួយអង្គ ទ្រង់សុបិននិម្មិតឃើញក្ងោកឈ្មោលមួយដ៏ស្រស់ស្អាត បានមកប្រោសទេសនាយ៉ាងពីរោះថ្វាយព្រះនាងសណ្ដាប់ ជាហេតុធ្វើឲ្យព្រះនាងចាប់ព្រះទ័យនឹងព្រះធម៌ជាអនេក។ លុះព្រះនាងក្រោកពីផ្ទំទើបដឹងថា តាម​ពិត​នោះគឺជាសុបិន។​ ប៉ុន្តែព្រះទ័យរបស់ព្រះនាងនៅតែដក់ជាប់នឹងព្រះធម៌ ហើយថែមទាំងចង់បានក្ងោកនោះមកទេសនាថ្វាយព្រះនាងស្ដាប់រៀងរាល់ថ្ងៃសីលទៀតផង។ ដោយអារម្មណ៍ដក់ជាប់នឹងធម៌ទេសនាខ្លាំងពេក ​ធ្វើឲ្យព្រះនាងភ្លេចផ្ទំ ភ្លេចសោយ រហូតដល់ធ្លាក់ព្រះកាយប្រឈួន។

ព្រះបិតាព្រះនាង ទ្រង់ព្រួយព្រះទ័យនឹងព្រះរោគរបស់ព្រះនាងជាខ្លាំង ហើយបានត្រាស់សួររកដើមហេតុ។ ក្រោយពេលព្រះនាងបានទូលព្រះបិតាពីដំណើរដើមទងនៃសាច់រឿងរួច ព្រះអង្គក៏បញ្ជាឲ្យព្រានព្រៃខ្លាំងពូកែជាច្រើននាក់តាមចាប់ក្ងោក​សីលនោះ ប៉ុន្តែពុំអាចចាប់ក្ងោកសីលនោះបានទេ ព្រោះក្ងោកនោះមានបារមី។ ព្រានបាននឹករកមធ្យោបាយបន្សាបសីលក្ងោកឈ្មោល បន្ទាប់មកទើបចាប់តាមក្រោយ។ គិតរួចព្រានក៏យកក្ងោកញីមួយក្បាល ដោយបង្ហាត់យ៉ាងស្ទាត់ជំនាញ ហើយឲ្យទៅចែចង់ក្ងោកសីលនោះ ទីបំផុតក្ងោកសីលចាញ់កលព្រាន។ ពេលចាប់ក្ងោកបាន ព្រានព្រៃបាននាំក្ងោកសីលទៅថ្វាយព្រះរាជា និងបុត្រីរបស់ព្រះអង្គ ហើយក្ងោកសីលបានសន្យាជាមួយព្រះរាជាថានឹងទៅទេសនាថ្វាយព្រះអង្គ និងបុត្រីរបស់ព្រះអង្គសណ្ដាប់ជារៀងរាល់ថ្ងៃសីល។ ឮដូច្នេះហើយ ព្រះនាងពិតជាមានព្រះទ័យត្រេកអរជាខ្លាំង ហើយបានថ្លែងអំណរគុណក្ងោកសីលនោះ បន្ទាប់មកបានដោះលេងក្ងោកនោះឲ្យមានសេរីភាពវិញ។

គួរ​​សម្គាល់​ថា​ អ្នករាំរបាំក្ងោក​ប៉ៃលិន​ តុបតែងកាយដូចជា ពាក់ក្បាលក្ងោកដែលធ្វើពីក្រដាសស្មាច់ ពាក់ស្លាប និងកន្ទុយធ្វើដោយឆ្អឹងឫស្សីពាសដោយសាច់ក្រណាត់លាបពណ៌ ឬគូរគំនូរដូចជាសត្វក្ងោក។ ចំណែកសម្លៀកបំពាក់គ្រឿង តុបតែងលម្អកាយ គឺមានលក្ខណៈដូចសត្វក្ងោកពិតៗ៕

Share.