ឧបករណ៍ភ្លេងខ្មែរ៖ ប៉ីពក​ ជា​ឧបករណ៍​ផ្លុំ​ប្រើ​ខ្យល់​ជាប់​ដូច​ប៉ីអ​ដែរ ។ ឧបករណ៍​នេះ​មាន​អាយុ​យូរ​យារ​ណាស់​មក​ហើយ ។

បើ​តាម​ប្រសាសន៍​របស់​តន្ត្រី​ករ​បុរាណ​ចាស់ៗ​ច្រើន​តំណ​មក​ហើយ​ថា «ប៉ីពក ​ខ្មែរ​យើង​មាន​កំណើត​ជាង​២០០០​ឆ្នាំ​ហើយ ។ ប្រហែល​ដូនតា​យើង​សំអាង​ទៅ​លើ​មុខ​ងារ​សំខាន់ៗ និង​វត្តមាន​របស់​វា​ដែល​មាន​ភាព​ស្ថិត​ស្ថេរ​ក្នុង​វង់​ភ្លេង​អារក្ស និង​ក្នុង​វង់​ភ្លេង​ទាំង​ពីរ​នេះ​ ប៉ីពក​មាន​មុខ​ងារ​សំខាន់ៗ​ត្រង់​ក្នុង​វគ្គ​ណា​ដែល​ជា​ពិធី​ត្រូវ​ធ្វើ​ឡើង​សម្រាប់​អង្វរ​ករ ឬ​បួង​សួង​អញ្ជើញ ។ នៅ​ក្នុង​ពិធី​លៀង​អារក្ស ផ្លុំ​ប៉ីពក​ត្រង់​ពិធី​អំពាវ​នាវ​សុំ​អញ្ជើញ​គ្រូ​តូច គ្រូ​ធំ ខ្មោច​ព្រាយ អារក្ស អ្នកតា​ព្រៃ​ភ្នំ​ទាំង​ឡាយ​ អញ្ជើញ​រួបរួម​ក្នុង​ពិធី​លៀង​អារក្ស ប៉ីពក​ប្រគំ​បទ​និមន្ត រួម​ជាមួយ​អ្នក​ចម្រៀង​ម្នាក់ ។ ត្រង់​ពិធី​សុំ​អង្វរករ​អញ្ជើញ​សម្តេច​ព្រះ​គ្រូ (មេ​ខ្មោច​ធំ) មក​ត្រួត​ពិនិត្យ​សកម្មភាព​ខ្មោច​ទាំងឡាយ ប៉ីពក​ប្រគំ​បទ​សុរិន្ទ​ខ្នង​ភ្នំ ពេល​សម្តេច​ព្រះ​គ្រូ​យាង​ត្រឡប់​ទៅ​វិញ ប៉ីពក​ប្រគំ​បទ​ទាក់​ដំរី (ចាប់​ដំរី​ឱ្យ​សម្តេច​ព្រះ​គ្រូ​ជិះ​យាង​ត្រឡប់​ទៅ​វិញ) ។»

នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ត្រង់​វគ្គ​បញ្ចូល​ក្រយា គឺ​ជា​ពិធី​អង្វរករ​លោក​មេបា​ឱ្យ​ចាប់​ផ្តើម​ទឹក​ខ្ពុរ​មាត់ បើក​គ្រប​សាជី​ភោជនាហារ ចាប់​ស្លាបព្រា​ពិសា​ភោជនាហារ ប៉ីពក​ប្រគំ​បទ​សុរិន្ទ​ខ្នង​ភ្នំ ។ ត្រង់​វគ្គ​ទៅ​ទាក់​ដំរី​ក្នុង​ព្រែ​សម្រាប់​យក​មក​ឱ្យ​កូន​ប្រុស​ជិះ​ទៅ​មុជ​ទឹក​ស្ទឹង ក្រោយ​ពី​បាន​កាត់​សក់​រួច នៅ​ក្នុង​ព្រៃ​នៅ​ពេល​គេ​ទៅ​ទាក់​ដំរី គេ​នាំ​គ្នា​បញ្ជាន់​មេមត់​អង្វរករ​មេមត់​សុំ​អនុគ្រោះ​ឱ្យ​គេ​ទាក់​ដំរី​បាន ប៉ីពក​ប្រគំ​បទ​សុរិន្ទ​ខ្នង​ភ្នំ​សម្រាប់​មេមត់ និង​ប្រគំ​បទ​ទាក់​ដំរី​សម្រាប់​ទាក់​ដំរី​បាន ។

ត្រង់​វគ្គ​ទៅ​រក​ល័ក្ត​កន្លង់​ជុំ បេះ​ល័ក្ត​មិន​បាន​គេ​អង្វរករ​ខ្មោច​ទេព្រក្ស អ្នកតា ឬ​បញ្ជាន់​ខ្មោច​មេមត់ ដើម្បី​ជួយ​អនុគ្រោះ​ដល់​គេ ប៉ីពក​ប្រគំ​បទ​សុរិន្ទ​ខ្នង​ភ្នំ ។ ត្រង់​វគ្គ​ឱ្យ​បាយ​ព្រលឹង បួងសួង​ឱ្យ​ព្រះ​ព្រហ្ម​ចុះ​មក​ប្រសិទ្ធ​ពរ និង​ជួយ​រក្សា​បាយ​ព្រលឹង​សូម​ឱ្យ​បាយ​ព្រលឹង សូម​ឱ្យ​បាន​ព្រលឹង​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ក្លា ប៉ីពក​ប្រគំ​បទ​សុរិន្ទ​ខ្នង​ភ្នំ​ដែរ ។

តាំង​ពី​អតីត​កាល​ដ៏​យូរ​លង់​រហូត​ដល់​បច្ចុប្បន្ន​នេះ ឧបករណ៍​ប៉ីពក​នៅ​តែ​ប្រគំ​ម្នាក់​ឯង​មិន​ចូល​រួម​ជាមួយ​នឹង​ឧបករណ៍​ដទៃ​ណា​ឡើយ ។ តាម​ប្រសាសន៍​របស់​លោក​ ប៊ុន ចាន់ម៉ុល ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ ក្នុង​រវាង​ឆ្នាំ​១៩៧៣ កាល​នោះ​លោក​មាន​អាយុ​៦២​ឆ្នាំ លោក​មាន​ប្រសាសន៍​ថា «លោក​បាន​ឃើញ​ជា​ញឹក​ញាប់ គេ​ប្រើ​ប៉ីពក​ផ្លុំ​មួយ​បទ​សិន គឺ​បទ​លោម​នាង (ថ្នម​នាង) ត្រង់​ពិធី​បើក​វាំងនន​សុំ​ស្រី​អន​មក​ផ្ទឹម មុន​ការ​ប្រគំ​បទ​ផាត់ជាយ​របស់​វង់​ភ្លេង​ដែល​ប្រើ​ក្នុង​ពិធី​ដដែល​នេះ» ។

តួ​របស់​ប៉ីពក​ធ្វើ​អំពី​ឫស្សី​ពក​ដែល​មាន​ប្រវែង​មួយ​សាច់ និង​មួយ​ថ្នាំង គឺ​គេ​ទុក​ថ្នាំង​ម្ខាង​សម្រាប់​ទប់​ខ្យល់ ។ នៅ​លើ​តួ​មាន​រន្ធ​សំនៀង​ជា​ច្រើន​ដូច​ជា​មាន​រន្ធ​ចំហៀង​១ ស្ថិត​នៅ​ខាង​ក្រោម​បិទ​បើក​ដោយ​មេ​ដៃ ។ មាន​រន្ធ​សំនៀង​ចំ​៧ ស្ថិត​នៅ​ជួរ​ខាង​លើ​មាន​ចន្លោះ​ពី​មួយ​ទៅ​មួយ​តាម​លំដាប់​កម្រិត​សំនៀង ។ មាន​រន្ធ​បង្ហើប​ខ្យល់​ចោល​១ ឬ​២ គឺ​ជា​រន្ធ​សម្រាប់​ជួយ​តម្រូវ​សំនៀង​របស់​រន្ធ​ចំ ។

រន្ធ​នីមួយៗ​អាច​ប្រើ​បាន​តែ​សំនៀង​ចំ​មួយ និង​សំនៀង​ចំហៀង​មួយ​ទៀត​ប៉ុណ្ណោះ មិន​អាច​ប្រើ​បាន​ច្រើន​ដូច​រន្ធ​ខ្លុយ​ឡើយ ។ អណ្ដាត​របស់​ប៉ីពក​ធ្វើ​អំពី​ស្ពាន់ ឬ​លង្ហិន​ដែល​មាន​គល់​ធំ​ចុង​ស្រួច ។ ផ្ទៃ​អណ្ដាត​ទាំង​មូល​មាន​រាង​បួន​ជ្រុង​ទ្រវែង ។ អណ្ដាត​នេះ​ដាក់​នៅ​ត្រង់​ជិត​ថ្នាំ​ឫស្សី​បិទ​ជាប់​ដោយ​ជ័រ​ម្រោម ឬ​ក្រមួន​ឃ្មុំ​សុទ្ធ ។ នៅ​ពេល​ផ្លុំ​ម្តងៗ​គេ​ត្រូវ​បៀម​ត្រឹម​អណ្ដាត​ទាំងមូល​ទៅ​ក្នុង​មាត់ ហើយ​ប្រើ​ខ្យល់​ជាប់​ដូច​ប៉ីអ​ដែរ ។

សំនៀង​របស់​ប៉ីពក​ស្រទន់ ស្រណោះ​ស្រណោក​មាន​លក្ខណៈ​សំនៀង​លុញ​គ្រលឺត​ច្រើន​ជាង​សំនៀង​ចំ​ត្រង់ៗ ។ ឧបករណ៍​បែប​នេះ ឃើញ​មាន​នៅ​ក្នុង​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង​ដែរ​ក្នុង​ចំណោម​ជន​ជាតិ​ខ្មែរ​នៅ​ទី​នោះ ។

ប្រភព៖  ស្រាវជ្រាវ​ដោយ​លោក ហ៊ុន សារិន សាស្រ្តាចារ្យ​សិល្បៈ​តន្រ្តី

Share.