ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន បានចាប់ផ្តើមជាផ្លូវការហើយ និងបានបញ្ចប់ទៅដោយរលូន នៅព្រឹក ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ដោយមាននិស្សិតខ្មែរ និងកីឡាករ-កីឡាការិនីហ្វីលីពីន ចូល​រួម​រត់​ដង្ហែ​ប្រមាណ ៤០០នាក់ ព្រមទាំងទទួលបានការសាទរយ៉ាងច្រើនកុះករពីពលរដ្ឋហ្វីលីពីន នៅ​តាម​ដង​ផ្លូវ។

ពិធីដង្ហែនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ជា​បេសកជនពិសេសតំណាង CAMSOC និងឯកឧត្តម ផន ពៅ ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហ្វីលីពីន លោក Abraham Tolentino ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន និង​ជា​អភិ​បាល​ក្រុង Tagaytay លោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន រួម​ទាំង​ភ្ញៀវកិត្តិយសនៃបណ្តាប្រទេសអាស៊ានជាច្រើនរូបទៀត។

ក្បួនដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធ្វើដំ​ណើរ​ទៅ​ដល់​អាកាស​យានដ្ឋាន​រដ្ឋធា​នី​ម៉ានីល ប្រទេសហ្វីលីពីនហើយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រោយ​ចាក​ចេញ​ទីក្រុង​ហា​ណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ភ្លើងគប់នេះ នឹងត្រូវរៀបចំពិធីរត់ជុំវិញបឹង Ho Guom ជាផ្លូវការ កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ខណ:ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចេញ​ដំណើរ​ពី​ហា​ណូយ ប្រទេសវៀតណាម ដើម្បីឆ្ពោះមកដល់កាន់ទីម៉ានីល ប្រទេសហ្វីលីពីន៕

រូបថត៖ ខឹម សុវណ្ណារ៉ា / AKP

Share.