ឧបករណ៍ភ្លេងខ្មែរ ៖ រនាតថោង និងរនាតដែក គឺជារនាតដែលមានផ្លែសំនៀង២១ដូចគ្នា ស្នូកមានរាងដូចគ្នាសុទ្ធសាធផ្លែសំនៀងនីមួយៗ ក៏មានសូរដូចគ្នាដែរ ប៉ុន្តែហៅថា រនាតថោង មកពីរនាតនេះមានផ្លែសំនៀងធ្វើអំពីលង្ហិន មានពណ៌ក្រហមឆ្អិនឆ្អៅ ស្រដៀងនឹងពណ៌មាស រីឯរនាតដែក គឺជារនាតដែលមានផ្លែសំនៀងធ្វើអំពីដែកសុទ្ធមានពណ៌ខ្មៅស្រអាប់ ។
តាមដឹងតៗគ្នាមកថា កាលពីសម័យដើមមានតែរនាតថោងមួយបែបទេដែលប្រើប្រាស់ជាទូទៅ ប៉ុន្តែក្រោយមកដោយសារការធ្វើផ្លែរនាតថោងពិបាកពេក គេក៏ប្តូរផ្លែសំនៀងពីលង្ហិនមកផ្លែសំនៀងធ្វើអំពីដែកដែលងាយរកងាយធ្វើជាង ។ រនាតទាំងពីរនេះប្រើមួយណាក៏បាន ប៉ុន្តែគេមិនដែលយកទាំងពីរទៅប្រើនៅពេលជាមួយគ្នានោះឡើយ ។ តាមធម្មតា គេច្រើនឃើញរនាតថោងប្រើប្រាស់នៅក្នុងវង់ភ្លេងព្រះរាជទ្រព្យ រីឯរនាតដែកច្រើនតែប្រើប្រាស់នៅក្នុងវង់ភ្លេងពិណពាទ្យក្រៅវាំង ឬតាមវត្តអារាមនានា ។
រនាតបែបនេះមានស្នូកត្រង់មិនងដូចស្នូករនាតឯកឡើយ មានប្រវែងបណ្តោយ១.០០ម និងទទឹង០.២០ម ធ្វើអំពីឈើខ្លឹមរឹង ។ ផ្លែសំនៀងទាំង២១ មិនបិទដុំប្រមរសម្រាប់រឹតសំនៀងឡើយ គឺគេបានស្លចាក់ ដំ ផែ ឱ្យត្រូវចំសំនៀងនៃផ្លែនីមួយៗនោះស្រេចតែម្តង ។ ផ្លែរនាតនេះមិនចោះរន្ធស៊កខ្សែទេ គឺគេយកផ្លែទាំងនោះទៅតម្រៀបតាមលំដាប់លំដោយនៃផ្លែជាជួរតាមបណ្តោយស្នូក ប៉ុន្តែនៅពេលណាដែលគេឈប់លេង គេរើផ្លែទាំងនោះចេញយ៉ាងស្រួល ទុកដាក់ទៅក្នុងស្នូក ឬក្នុងប្រអប់ ថង់ណាមួយវិញ ។ ផ្លែសំនៀងរបស់រនាតនេះមានសំនៀងខ្លាំង ហើយយោលបានឆ្ងាយស្រដៀងគ្នាទៅនឹងផ្លែសំនៀងគងវង់ដែរ ។
នៅពេលលេងម្ដងៗ គេយកអន្លូងមានមេលំរឹងធ្វើដោយស្បែកក្របី ឬស្បែកដំរីមកគោះ ។ របៀបប្រើអន្លូងទាំងពីរ ក៏ដូចជានឹងរបៀបប្រើអន្លូងរបស់រនាតឯកសុទ្ធសាធដែរ គឺគោះស្មើៗគ្នាទៅលើសំនៀងគូៗ ។ រនាតថោង ឬរនាតដែកមានដំណើរសាច់បទដូចរនាតឯកសុទ្ធសាធ។ អ្នកដែលពូកែលេងរនាតឯកក៏ជាអ្នកពូកែលេងរនាតថោង ឬរនាតដែកដែរ ។ ឧបករណ៍រនាតថោងមានចំណាស់ច្រើនសតវត្សមកហើយ ។
បើតាមប្រសាសន៍ឃុន មាស ឌី ក្នុងឆ្នាំ១៩៦៥ថា ជីតារបស់លោកបានប្រាប់ថា រនាតថោងយើងនេះធ្វើត្រាប់តាមរនាតឥណ្ឌូណេស៊ី នៅហ្សាវ៉ា ឈ្មោះ Gendér តាំងពីខ្មែរយើងបានទទួលឥទ្ធិពលវប្បធម៌របស់ហ្សាវ៉ា (Java) ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្នុងចុងឆ្នាំនៃសតវត្សទី៨ ក្នុងពេលដែលស្តេចបាននិរទេសទៅ Java ហើយបានត្រលប់មកសោយរាជ្យនៅស្រុកខ្មែរវិញ ដោយនាំមកជាមួយនូវវប្បធម៌ Java មួយចំនួនដូចជាមានឆ្លាក់ទៅលើជញ្ជាំងប្រាសាទអង្គរ មានក្បួនហែរបស់តន្ត្រីករច្រើនក្រុមជាមួយនឹងឧបករណ៍របស់ខ្លួន ប៉ុន្តែរនាតថោងខ្មែរបានច្នៃរូបរាងខុសពីលំនាំដើម Gendér ហើយ ៕
ប្រភព៖ ស្រាវជ្រាវដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី