ខ្សែ​​បម្រើ​អន្តរជាតិ John Obi Mikel អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ដែល​ជា​សមាជិក​ក្រុម​បាល់ទាត់ Stoke City ក្នុង​ពានរង្វាន់​លីគ​ទី២​​អង់គ្លេស League Championship ដោយ​សម្រេច​ជ្រើសរើស​ក្រុម Kuwait SC នៅ​លីគ​កំពូល​នៃ​ប្រទេស​គុយវ៉ែត ដែល​​ជា​បេក្ខភាព​ក្នុង​ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2021។

នេះ​ជា​លើក​ទី២​ហើយ​ដែល​កីឡាករ​វ័យ​៣៤ឆ្នាំ​រូប​នេះ​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​មក​កាន់​ទ្វីប​អាស៊ី ជាលើក​ទី២​ ខណៈ​អតីត​សមាជិក​ក្លិប Chelsea រូប​នេះ​ធ្លាប់​ចូលរួម​ក្លិប​Tianjin TEDA របស់​ចិន កាល​ពី​ឆ្នាំ​២០១៧-១៨ កន្លង​ទៅ។ រូប​គេ​បាន​ចុះ​កិច្ចសន្យា​រយៈពេល​១ឆ្នាំ​ជាមួយ​ក្លិប​ថ្មី​របស់​ខ្លួន។

អ្នកចាត់ការ​ទូទៅ​ក្រុម Stoke City លោក Michael O’Neill បាន​ថ្លែង​នៅ​ក្នុង​វិបសាយ​ក្លិប​​យប់​ថ្ងៃ​សុក្រ​នេះថា​៖«ទោះបី​ជា​នេះ​ចូល​ដល់​កិច្ចសន្យា​ឆ្នាំ​ទី២ ជាមួយ​ Jonh ក៏​ដោយ​ ប៉ុន្តែ​យើង​យល់​ព្រម​ចំពោះ​ការ​ចាកចេញ​របស់​គាត់​ជាមួយ​នឹង​ឱកាស​​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ដែល​មាន​សម្រេច​គាត់។ គាត់​ជា​កីឡាករ​អាជីព​មួយ​រូប​ដែល​បាន​ជួយ​យើង​ជា​ច្រើន​ក្នុង​រដូវកាល​មុន ព្រម​ទាំង​នាំ​កីឡាករ​ក្មេងៗ​លេង​បាន​ច្រើន។ ខ្ញុំ​រីករាយ​ដែល​បាន​ធ្វើការ​រួម​គ្នា​ជាមួយ​គាត់ ហើយ​​ក៏​អរគុណ​គាត់​ក្នុង​ការ​ជួយ​យើង​កន្លង​មក។ សូម​ជូនពរ​ឱ្យ​គាត់​ជោគជ័យ​ក្នុង​ពេល​ខាង​មុខ»។

កីឡាករ John Obi Mikel ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប Lyn ចន្លោះ​ឆ្នាំ​២០០៤-២០០៦ ហើយ​នៅ​ឆ្នាំ​២០០៦ ដល់​២០១៧ រូប​គេ​បាន​ចូលរួម​ក្លិប​តោខៀវ Chelsea របស់​អង់គ្លេស ហើយ​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់ Premier League២ លើក ឈ្នះ​ពាន​ FA Cup៣លើក ឈ្នះ​ពាន Football League Cup១លើក ឈ្នះ​ពាន FA Community Shield១លើក ឈ្នះ​ពាន​ទ្វីប​អឺរ៉ុប UEFA Champions League១ លើក​និង​ឈ្នះ​ពាន UEFA Europa League១លើក។

នៅ​ឆ្នាំ​២០១៧-១៨ រូប​គេ​បាន​ចូលរួម​ក្រុម​Tianjin TEDA នៅ​ប្រទេស​ចិន មុន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​អង់គ្លេស វិញ​ចូលរួម​ក្រុម Middlesbrough នៅ​ឆ្នាំ​២០១៩ ហើយ​រដូវកាល​បន្ទាប់​ទៅ​ចូលរួម​ក្រុម Trabzonspor នៅ​ទួរគី និង​ឆ្នាំ​២០២០ ចូលរួម​ជាមួយ​ក្រុម Stoke City នៅ​អង់គ្លេស វិញ។

កីឡាករ​កម្ពស់ ១.៨៨រូប​នេះ ​ធ្លាប់​ជួយ​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ឈ្នះ​ជើង​ឯក​ទ្វីប​អាហ្វ្រីក នៅ​ឆ្នាំ​២០១៣ ហើយ​ជើង​ឯក​រង​នៅ​ឆ្នាំ​២០០៦,២០១០ និង​២០១៩ ព្រម​ទាំង​ឈ្នះ​មេដាយ​សំរឹទ្ធិ​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ប្រេស៊ីល ផង​ដែរ។

ដោយ​ឡែក​ក្លិប Kuwait SC ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​ពានរង្វាន់​​លីគ​កំពូល​គុយវ៉ែត រហូត​ដល់​១៦​លើក នៅ​តិច​ជាង​គូ​ប្រកួតAl-Arabi SC និង Al Qadsia SC ដែល​ឈ្នះ​ជើង​ឯក​ម្នាក់​ដល់​ទៅ១៧លើក​ឯណោះ។

អត្ថបទពាក់ព័ន្ធ៖រក​ឃើញ​ក្រុម​​៤​​នៅ​តំបន់​អាស៊ី​ខាង​លិច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ចែក​ពូល​ពាន AFC Cup 2021

គុយវ៉ែត ជា​ប្រទេស​នៅ​តំបន់​អាស៊ី​ខាងលិច ប៉ុន្តែ​ប្រទេស​នេះ​មាន​កូតា​ចូលរួម​ពានរង្វាន់ AFC Cup តែ​កន្លះ​កៅអី​ប៉ុណ្ណោះ ពោល​គឺ​ត្រូវ​ប្រកួត​ជម្រុះ​មុន​សិន ទើប​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ចែក​ពូល។ ក្រុម Kuwait SC ដែល​ជា​ជើង​ឯក​​លីគ​គុយវ៉ែត ឆ្នាំ​២០២០ ត្រូវ​ប្រកួត​ជម្រុះ ប៉ុន្តែ​ដោយ​សារ​មាន​ក្រុម​មក​ពី​ប្រទេស​អូម៉ង់ ដក​ខ្លួន​ទើប​ធ្វើ​ឱ្យ​​ក្រុម​​នេះ​មាន​ឈ្មោះ​ទៅ​វគ្គ​ចែក​ពូល​ដោយ​ស្វ័យប្រវត្តិ ដោយ​ចូលក្នុង​ពូល C។

ជា​លទ្ធផល​ក្រុម​Kuwait SC ​បាន​យក​ឈ្នះ​គូ​ប្រកួត​២លើក និង​ស្មើ១លើក មាន​ឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ីខាងលិច ដោយ​ត្រូវ​ជួប​ក្រុមAl-Salt របស់​ហ្សកដានី ដែល​ជា​ក្រុម​លេខ២​នៅ​ពូលB រក​អ្នក​ឈ្នះ​ ដើម្បី​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំងៗ​មក​ពី​៤តំបន់​ផ្សេង​ទៀត​ប្រចាំ​ទ្វីប។ ជើង​ទី១ Kuwait SC ត្រូវ​ប៉ះ Al-Salt នៅ​ថ្ងៃ​ទី១៣ ខែ​កញ្ញា និង​ជើង​ទី២ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.