សៀមរាប ៖ គ្រោះធម្មជាតិ នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ភ្លៀងខ្យល់កន្ត្រាក់បក់បោក បាក់រលំផ្ទាំងប៉ាណូ រោង ដំបូលផ្ទះ នៅខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ ។ ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះផងដែរ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងរងរបួសម្នាក់ ដោយសារបាក់រលំគ្រោង ស្លាកប៉ាណូ នៅខេត្តសៀមរាប ។

បើតាមអាជ្ញាធរបានឲ្យដឹងថា ជនរងគ្រោះស្លាប់ម្នាក់ ដោយសារបាក់រលំផ្ទាំងប៉ាណូ នៅផ្លូវ៦០ម៉ែត្រ ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានឈ្មោះ ធូ ភេទប្រុស អាយុ៤៥ឆ្នាំ ជាអាជីវករលក់មាសនៅផ្សារលើ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

អាជ្ញាធរបន្តទៀតថា នៅសួនមុខព្រះរាជដំណាក់ សង្កាត់ថ្វាយដង្គុំ ក្រុងសៀមរាប ខ្យល់បក់បោក បណ្តាលឲ្យរោងសម្រាប់កម្មវិធី ដំបូលស្ពាន ភ្លើងតាំងលម្អ ត្រូវបានបាក់រលំ ខ្ទេចខ្ទី ។

ចំណែកនៅខេត្តត្បូងឃ្មុំវិញ ខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំ របើកដំបូលផ្ទះ រោង ខូចខាតអស់ចំនួន៣៩ខ្នង ។

រីឯនៅខេត្តប៉ៃលិន ភ្លៀងខ្យល់កន្ត្រាក់ បាក់រលំ របើកដំបូលផ្ទះ អគារ សាលារៀន អស់ចំនួន៧០ខ្នង ។

អត្ថបទ៖តាតុង សែនជ័យ

Share.