អភិបាលខេត្តម្នាក់ បាននិយាយថា ស្រឡាងដឹកអ្នកដំណើរ និង នាវិកប្រហែល ២៥០នាក់ បានឆាបឆេះនៅកោះមួយកន្លែងក្នុងប្រទេស ហ្វីលីពីន បណ្ដាលឲ្យមនុស្ស ១២នាក់ស្លាប់ និង ៧នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ មីនា ឆ្នាំ ២០២៣។

អភិបាលខេត្ត បាស៊ីឡាន (Basilan) ភាគខាងត្បូងប្រទេស ហ្វីលីពីន លោក ជីម ហាតាមេន (Jim Hataman) បានឲ្យដឹងថា មនុស្សជាច្រើនដែលត្រូវបានជួយសង្រ្គោះបានលោតចុះពីលើស្រឡាងដោយសារតែភ័យស្លន់ស្លោ ព្រោះតែភ្លើងឆេះ ហើយត្រូវបានស្រង់ចេញពីសមុទ្រដោយឆ្មាំឆ្នេរសមុទ្រ កងទ័ពជើងទឹក ស្រឡាងផ្សេងទៀត និង អ្នកនេសាទក្នុងតំបន់។

យ៉ាងណាម៉ិញ កិច្ចខិតខំប្រឹងប្រែងស្វែងរក និង ជួយសង្រ្គោះ កំពុងតែបន្ដរកមនុស្សដែលកំពុងបាត់ខ្លួននៅថ្ងៃ ព្រហស្បតិ៍ នេះជាបន្ដទៀត។

អភិបាលខេត្តបាននិយាយថា ស្រឡាងកំពុងធ្វើដំណើរទៅកាន់ទីក្រុង Jolo ក្នុងខេត្ត Sulu ដោយធ្វើដំណើរចេញពីកំពង់ផែ ហ្សាំប៉ាន់ហ្គា (Zamboanga) ភាគខាងត្បូង ហើយស្រាប់តែឆេះនៅកណ្ដាលទីក្រុង បាស៊ីឡាន (Basilan) នៅវេលាជិតពាក់កណ្ដាលអធ្រាត្រ។

លោកអភិបាលខេត្តបន្ដថា ក្នុងចំណោមអ្នកស្លាប់ទាំង ១២នាក់ មានកុមារយ៉ាងហោចណាស់ ៣នាក់ ដែលទំនងជាវង្វេងចេញពីឪពុកម្ដាយ ហើយអ្នកដំណើរដែលរងរបួសផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈមនុស្ស ៧នាក់បានបាត់ខ្លួននៅឡើយ។

ក្រោយជួបហេតុការណ៍នេះ ស្រឡាងខាងលើត្រូវបានមន្រ្តីពាក់ព័ន្ធអូសទៅច្រាំងទន្លេ បាស៊ីឡាន (Basilan) ហើយការស៊ើបអង្កេតកំពុងដំណើរការ៕

ប្រភព៖ CNA

Share.