ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ម ច័ន្ទវណ្ណៈ ប្រធានក្រុមប្រឹក្សា កាលពីថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ បានបើកសវនាការលើជនជាប់ចោទ ឈ្មោះ ជា អូន ករណី បាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យក្រោយពីបញ្ចប់សវនាការលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីប្រកាសសាលក្រម។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា នៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២ បានសម្រេចឃុំខ្លួនប្តីបាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ. ឃាតកម្មគិតទុកជាមុន និងបទ. កាន់កាប់អាវុធដោយគ្មានអនុញ្ញាត។

ជនជាប់ចោទឈ្មោះ ជា អូន ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៤១៧ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ (គ្មានផ្ទុកសារធាតុញៀន)។ជនរងគ្រោះឈ្មោះ នូ សុខនីតា ហៅ ស៊ីវ អេង ភេទ ស្រី អាយុ ២២ ឆ្នាំ ទីលំនៅផ្ទះលេខ១៤០៣A ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ស្លាប់)។

សមត្ថកិច្ចដកហូតវត្ថុតាងចាប់យក ៖ អាវុធខ្លី ០១ដើមម៉ាក K៥៩(រលប់លេខ), បង់ចំនួន ០១, គ្រាប់ចំនួន ០១គ្រាប់, កូនកាំបិតហូត ០១ដើម, ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ សេរី២០១៥ លេខតួ+លេខម៉ាស៊ីន=៨១៧៨១១៦ ពាក់ស្លាកលេខ កណ្តាល ១D-៥០១១។

សូមបញ្ជាក់ថា ហេតុការណ៍បាញ់សម្លាប់នេះកើតឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ផ្ទះលេខ១៤០៣A ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

អត្ថបទ៖ ចតុមុខ

Share.