ភ្នំពេញ៖អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ (ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា ,លោកឧត្តមសេនីយ៍ត្រី ជាវ តុលា, លោកវរសេនីយ៍ទោ ផាង គឹមហួត នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ សហការជាមួយកម្លាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លឹម ប៊ុនហេង នៅវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានស្រាវជ្រាវបង្ក្រាបជនសង្ស័យម្នាក់ ឈ្មោះ វី វ៉ាន់នុត ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ផ្លូវ៣០ ម៉ែត្រ សង្កាត់ចោមចៅ២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តនិតិវិធីឆែកក្នុងបុរីឡាយគង់ហ្គ្រីនហូម ស្ថិតនៅផ្ទះលេខ១០ជី ផ្លូវ៤អេ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានចាប់យកភស្តុតាងពីជនសង្ស័យរួមមាន ៖ គ្រឿងញៀន ប្រភេទកេតាមីន (Ketamine) ទម្ងន់ ១១៨៩២ក្រាម (១១គីឡូ ៨៩២ក្រាម), គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (គ្រាប់បៃតង) ទម្ងន់ ៩៧៨៨ ក្រាម (៩គីឡូ ៧៨៨ក្រាម), គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៥៤ក្រាម (១គីឡូ ៦៥៤ក្រាម), គ្រឿងញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៣៤២ក្រាម (៩គីឡូ ៣៤២ក្រាម), សារធាតុគីមីមិនអាចកំណត់អត្តសញ្ញាណទម្ងន់ ៤៥៣៤ក្រាម។ សរុបគ្រឿងញៀនដែលសមត្ថកិច្ចចាប់បានទាំងអស់មានទម្ងន់ ៣២៦៧៦ក្រាម (៣២គីឡូ ៦៧៦ក្រាម) និងរថយន្តមួយគ្រឿងម៉ាកហាយលេនឌ័រ។

ក្រោយចាប់ខ្លួនបានជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់៕

អត្ថបទ៖ចតុមុខ

Share.