សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ថាមិនអនុញ្ញាតឲ្យមានការលក់សំបុត្រចូលទស្សនាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នោះទេ។

សម្តេចតេជោ ហ៊ុន សែន​ ទទួលព័ត៌មានពី សម្តេចពិជ័យសេនា ទៀ បាញ់ ថាមានការលក់សំបុត្រសម្រាប់ទស្សនាព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នាពេលខាងមុខ។ សម្តេចតេជោ បានអះអាងថា កម្ពុជាបានចំណាយប្រាក់ រាប់ទាំងមូលដ្ឋានសម្ភារៈបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិន សម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត រាប់រយលានដុល្លារ និងចំណាយជាច្រើនឆ្នាំ ទម្រាំកើតចេញជារូបរាងនៃការប្រកួត។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ផ្សព្វផ្សាយ​ពី​ការ​លក់​សំបុត្រ និង​តម្លៃ​សំបុត្រ ចូល​ទស្សនាការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​លើ​វេ​ប​សាយ​ផ្នែក​កីឡា​នា​ពេល​ថ្មី​ៗ​នេះ គឺ «​មិន​មានការ​ឯកភាព​យល់ព្រម​ពី​សម្តេច ទៀ បាញ់​» ដែល​ទទួល​បន្ទុក​រៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេ​ម ហើយ​ក៏ «​មិន​មានការ​ឯកភាព​យល់ព្រម​ពី​សម្តេច ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ឡើយ​»​។

អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៖

​ក្នុង​សារ​សម្លេង​ដដែល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ៣​ចំណុច​៖
១.​មិន​ឱ្យ​មានការ​លក់​សំបុត្រ ទាំង​ការ​ចូល​បើក និង​ពិធី​បិទ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​។
​២.​បើក​ឱ្យ​មហាជន ចូល​ទស្សនា​ដោយ​សេរី ដោយ​គ្មាន​ការ​បង់ប្រាក់ និង​ទី​
៣.​ចំពោះ​រាល់​ការ​ប្រកួត​តាម​វិញ្ញាសា​នានា ក៏​មិន​ត្រូវ​បង់ថ្លៃ​នោះ​ឡើយ​។​«​យើង​បាន​ធ្វើ​កិច្ច​ការងារ​ច្រើន​ហើយ​។ ដូច្នេះ​សូមអ្នក​ទាំងអស់​គ្នា យកចិត្តទុកដាក់​។ «​ធ្វើបុណ្យ ១០០​សំពៅ ទោស​១ ចូល​ទៅ រលាយ​បាត់​អស់​»​។ សូម​ចាំ​ពាក្យ​នេះ​។ យើង​ចាយ​លុយរាប់​រយ​លាន​ដុល្លារ សម្រាប់​រៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នេះ តើ​យើង​ប្រមូល​លុយ តាម​រយៈ​ការ​លក់​សំបុត្រ​ឱ្យ​ជនជាតិ​ឯង ដែល​ត្រូវ​ចូល​ទស្សនា​នេះ របៀប​ម៉េច​ទៅ? ហើយ​តើ​បាន​ប៉ុន្មាន​ទៅ? បើ​អ្នក​ទាំងអស់​គ្នា ចង់បាន​លុយ សូម​មក​យក​ពី​ខ្ញុំ​។ ខ្ញុំ​ទទួលខុសត្រូវ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានព្រមានថា សម្រាប់ក្រុមណាមួយ ផ្នែកណា ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់សម្តេច នឹងត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះមុខច្បាប់ទៀតផង។

ទន្ទឹម​នឹង​នោះ​ផង​ដែរ សម្តេច​តេ​ជោ ក៏បាន​សម្តែង​ការ​ហួសចិត្ត និង​មិន​នឹក​ស្មាន​ដល់ ថា មន្ត្រី​របស់​យើង​មួយ​ចំនួន ខ្វះ​ការ​គិតគូរ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។ នេះ​ជា​ការ​ស្តីបន្ទោស​លើក​ដំបូង​របស់​សម្តេច តាំងពី​ការ​រៀបចំ​ស៊ី​ហ្គេ​ម​។

ខណ: សម្តេច ប្រកាស​ថា សម្តេច​នឹង​ខិតខំ​រកមុខ​អ្នកលក់​សំបុត្រ​ស៊ី​ហ្គេ​ម​នេះ មិនមែន​ជា​ការ​លេងសើច​ទេ តែ​នេះ​ជា​ការ​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល ចំពោះ​មុខ​ប្រជាជន ដែល​យើង​បាន​ចំណាយពេល​រង់ចាំ​អស់​ពេល ៤៤​ឆ្នាំ និង​រង់ចាំ​យ៉ាងច្រើន ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដ៏​អស្ចារ្យ​មួយ​នេះ​៕

Share.