សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនៅ​ថ្ងៃ​នេះ​ថា៖«សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹង​ធ្វើ​ការ​ប្រកាសអំពីសមាសភាពគ្រូបង្គោលថ្មី នៅចុងសប្ដាហ៍នេះ ដែល​នឹង​ចូល​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជាឈុតធំ និងឈុតអាយុក្រោម២៣ឆ្នាំ បន្តពីលោក Keisuke Honda ក្រោយ​ចប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ២០២៣ ខាងមុខនេះ»។

ការប្រកាសនេះ ស្របពេលដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ​កំពុង​បន្ត​ហ្វឹក​ហាត់​ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅ លោក Keisuke Honda បន្ទាប់ពីបញ្ចប់ការបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ និងការចូលរួមប្រកួតពានរង្វាន់ Merlion Cup 2023 នៅសិង្ហបុរី ដោយទទួលបានលេខ៣ កាលពីពេលថ្មីៗ។

ការ​បង្ហាញវត្តមានបេក្ខភាពគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នាចុងសប្តាហ៍នេះ​ ក៏ជាការ​ប្រកាសមុនការចាប់ឆ្នោតវគ្គចែកពូលនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទ​កីឡា​បាល់​ទាត់ ទាំងផ្នែកបុរស និងនារី នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ មរតកតេជោ។

សូមបញ្ជាក់ផងដែរថា ប្រភេទកីឡាបាល់ទាត់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្ដើម​ការ​ប្រកួត​ជម្រុះ​ចាប់ពីថ្ងៃទី២៩ ខែមេសា តទៅ រីឯពិធីបើកផ្លូវការរបស់ស៊ីហ្គេម លើកទី៣២ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី៥ ខែឧសភា និងបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា។ ខណៈព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការ​ប្រកួត​កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.