ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់លើកដំបូងក្នុងប្រវត្តិសាស្ត្ររយ:ពេល ៦៤ឆ្នាំ ដែលក្នុងនោះសម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកនារី នឹងមានក្រុមចូលរួមចំនួន៩ប្រទេស តែពុំមានវត្តមានក្រុមជម្រើសជាតិប្រ៊ុយណេ និងទីម័រខាងកើតឡើយ។
នេះមិនមែនជាលើកដំបូងឡើយសម្រាប់ប្រ៊ុយណេ និងទីម័រខាងកើត ដែលមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយគឺនៅឆ្នាំ២០២២ ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក៏ប្រ៊ុយណេ និងទីម័រខាងកើត មិនបានបញ្ចូលអត្តពលិកចូលរួមដូចគ្នា។
ពិធីចាប់ឆ្នោតវគ្គចែកពូលទាំងវិញ្ញាសាបាល់ទាត់ផ្នែកបុរស, បាល់ទាត់នារី, បាល់ទះក្នុងសាល, បាល់ទះឆ្នេរខ្សាច់បុរស, បាល់ទះឆ្នេរខ្សាច់នារី, បាល់បោះបុរស, បាល់បោះនារី និងកីឡាគ្រីឃីត ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម ឆ្នាំ២០២៣ នឹងធ្វេីឡេីងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដំណាលគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្រុមចូលរួមចំនួន៩ប្រទេស មានដូចខាងក្រោម៖
១.កម្ពុជា
២.ថៃ
៣.ឥណ្ឌូនេស៊ី
៤.មីយ៉ាន់ម៉ា
៥.ម៉ាឡេស៊ី
៦.សិង្ហបុរី
៧.វៀតណាម
៨.ហ្វីលីពីន
៩.ឡាវ។
សម្រាប់ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ ម្ចាស់មេដាយមាសវិញ្ញាសាបាល់ទាត់ផ្នែកនារី បានទៅលើក្រុមវៀតណាម ក្រោយឈ្នះថៃ ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ កីឡាដ្ឋាន Quảng Ninh។
គួរដឹងថាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់លើកដំបូងក្នុងរយ:ពេល ៦៤ឆ្នាំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណ:កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕