សៀមរាប ៖ អាសូរណាស់ បុរសម្នាក់ចេញពីផ្ទះដើររកឃ្មុំ បាត់មួយយប់មិនឃើញវិលទៅផ្ទះ ទើបបងប្អូន ក្រុមគ្រួសារ អ្នកភូមិទៅតាមស្វែងរក ស្រាប់តែប្រទះឃើញដេកស្លាប់តាមផ្លូវក្នុងព្រៃ ដោយសាររន្ទះបាញ់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវរទេះក្នុងព្រៃសហគមន៍ ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សពជនរងគ្រោះមានឈ្មោះ ពីង ហេ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរដើររកឃ្មុំ និងដុតធ្យូង រស់នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះបានចេញពីផ្ទះនៅព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ ដោយជិះម៉ូតូចូលព្រៃដើម្បីរកឃ្មុំ ជាមុខរបររបស់ជនរងគ្រោះ លុះរហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែល បាត់មិនឃើញជនរងគ្រោះវិលដល់ផ្ទះ នឹកគិតថាដេកក្នុងព្រៃហើយ រហូតដល់វេលាម៉ោង៤ព្រឹកចូលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ នៅតែមិនឃើញទៅដល់ផ្ទះទៀត ខុសប្លែកពីសព្វដង កន្លងមកជួនជិតភ្លឺ ជនរងគ្រោះវិលដល់ផ្ទះហើយ លើកនេះបាត់មិនឃើញ ទើបក្រុមគ្រួសារ អ្នកភូមិនាំគ្នាចេញទៅតាមស្វែងរកមើល លុះរហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី៣០នេះ ប្រទះឃើញជនរងគ្រោះដេកស្លាប់តាមផ្លូវរទេះក្នុងព្រៃ មានស្នាមឆេះខ្លោច ។

ក្រោយពីប្រទះឃើញជនរងគ្រោះដេកស្លាប់ រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យកោសល្យវិច័យ ឃើញថា ជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ ពេលដែលកំពុងជិះម៉ូតូ រួចសមត្ថកិច្ចប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.