សិល្បៈជាតិ៖ នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣នេះ សកលវិទ្យាល័យជាតិគ្រប់គ្រង មានការប្រារព្ធកម្មវិធី NUM សង្ក្រាន្ត ដែលបើកជាមហាជនសិស្សនិស្សិតចូលរួមកម្សាន្តសប្បាយ ក្នុងគោលបំណង អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាចូលរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីសាសនា សិល្បៈ និងល្បែងប្រជាប្រិយផ្សេងៗរបស់ខ្មែរយើង។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក៏មានបង្ហាញទស្សនីយភាពសម្តែងរបាំជូនពរ ក្បាច់គុនល្បុក្កតោ របាំត្រុដិ ដែលសម្តែងក្រុមស.ស.យ.ក.ប្រចាំស.ជ.គ. និងមានការនិមន្តព្រះសង្ឃចំនួន៥៦អង្គបិណ្ឌបាត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង យ៉ាងច្រើនកុះករ និងដោយសេចក្តីរីករាយ ។

ថ្លែងនាក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហោ ប៉េង សកវិទ្យាធិការនៃសកលវិទ្យាល័យជាតិគ្រប់គ្រង បានមានប្រសាសន៍ថា កម្មវិធីទាំងមូលផ្ដោតសំខាន់ផងដែរទៅលើការផ្ដល់ឱកាសទៅនិស្សិត បានជួបជុំគ្នាមុនថ្ងៃសម្រាកនាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រៅពីនោះ និស្សិតក៏មានឱកាសក្នុងការបញ្ចេញសមត្ថភាព និងស្នាដៃ តាមរយៈការសម្ដែងលក្ខណៈប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្កើននូវភាពស្និតស្នាល ទំនាក់ទំនងល្អ សាមគ្គីភាពរវាងគ្នានិងគ្នា រៀមច្បង សិស្សប្អូនគ្រប់ជំនាន់ ជួបជុំលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ នៃសាលាតិចណូ ក៏ដូចជានិស្សិត បងប្អូនជនរួមជាតិទាំងអស់ផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឯក មនោសែន បានមានមតិសំណេះសំណាលថា លោកពិតជាមានក្ដីសោមនស្សក្រៃលែង ដែលព្រឹត្តិការណ៍ NUM សង្ក្រាន្តបានធ្វើឡើងយ៉ាងអធឹកអធ័ម។ លោកបានជូនពរឱ្យសិស្សនិសិ្សតទាំងអស់ដែលបានចូលរួម ឬក៏បានធ្វើដំណើរទៅស្រុកកំណើតនាពេលខាងមុខនេះ ជួបប្រទះតែសុវត្ថិភាព និងទទួលពរជ័យពីទេវតាឆ្នាំថ្មីព្រះនាង ព្រះនាម កិមិរាទេវី ជាបុត្រទី៦នៃកបិលមហាព្រហ្ម។

សូមជម្រាបថា សិស្សនិសិ្សតអាចចូលរួមព្រឹត្តិការណ៍ NUM សង្ក្រាន្តបានដោយសេរី ដើម្បីទទួលបានចំណីអារម្មណ៍ប្លែក ទស្សនារបាំ ការលេងល្បែងប្រជាប្រិយ ក៏ដូចជាធ្វើបុណ្យធ្វើទានរួមគ្នា តាមរយៈពូនភ្នំខ្សាច់ ស្រង់ព្រះ ជាដើម ដែលសុទ្ធសឹងជាសកម្មភាពលើកស្ទួយទាំងវប្បធម៌ ជាកេរ្តិ៍ដំណែរពីដូនតា និងព្រះពុទ្ធសាសនា។

ដូច្នេះកុំភ្លេចណា! NUM សង្ក្រាន្ត ប្រព្រឹត្តិទៅរយៈពេល ៣ ថ្ងៃពេញ ពីថ្ងៃទី ៣១ ខែមីនា រហូតដល់ថ្ងៃទី ២ ខែមេសា នៅបរិវេណសកលវិទ្យាល័យជាតិគ្រប់គ្រង ព្រោះមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ ទៅលេងល្បែងប្រជាប្រិយខ្មែរយើងរួមគ្នា និងរាំកម្សាន្តនាពេលរាត្រី ដែលមានវត្តមានតារាល្បីៗប្រចាំប្រទេសចូលរួម។ អ្នកអាចនាំមិត្តភក្ដិចូលរួមជាមួយគ្នាក៏បាន ព្រោះថាការចូលរួមគឺដោយសេរី!

Share.