សិល្បៈជាតិ៖ នៅក្នុងចំណោមបងប្អូនស្រី Miss Universe Cambodia ទាំង ៥ ជំនាន់់ គឺកញ្ញា ងិន ម៉ារ៉ាឌី ជាប្អូនស្រីដំបូងគេដែលបានបើកឆាកចូលរោងជ័យ។ កញ្ញា ងិន ម៉ារ៉ាឌី បានចាប់ដៃជាមួយស្វាមីគឺលោក ទិត្យ វ៉ាន់ណូរ៉ា ចូលរោងការនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣។

នៅក្នុងកម្មវិធីមង្គលការរបស់បវរកញ្ញាចក្រវាលឆ្នាំ ២០២១ រូបនេះ គេសង្កេតឃើញមាន ភ្ញៀវកិត្តិយសដែលជាតារាសិល្បៈជាច្រើនដួង ទាំងតារាសម្ដែង បវរកញ្ញា តារាចម្រៀង ចូលរួមជាភ្ញៀវកិត្តិយសក្នុងការអបអរដល់ថ្ងៃមង្គលរបស់បវរកញ្ញារូបនេះ។

កញ្ញា ងិន ម៉ារ៉ាឌី និយាយថា ស្វាមីរបស់កញ្ញាគឺជាកូនខ្មែរអណិកដែលរស់នៅសហរដ្ឋអាមេរិក។ កញ្ញាមូលហេតុដែលធ្វើឱ្យកញ្ញាសម្រេចចិត្តជ្រើសលោក ទិត្យ វ៉ាន់ណូរ៉ា ជាស្វាមី នោះក៏ព្រោះតែលោកមានទំនួលខុសត្រូវ និងជាបុរសដែលច្បាស់លាស់នៅក្នុងជីវិតរបស់កញ្ញា។

រីឯលោក ទិត្យ វ៉ាន់ណូរ៉ា ក៏បាននិយាយនៅក្នុងពិធីមង្គលជ័យរបស់លោកនិងភរិយាថា កញ្ញា ម៉ារ៉ាឌី គឺជាមនុស្សស្រីដែលបើកចិត្តទូលាយ ហើយជាមនុស្សស្រីដែលផ្ដល់សំណើចឱ្យលោកគ្រប់ពេលវេលាផង។ លោកបន្តថា ក្រោយរៀបការហើត ចំពោះអាជីពសិល្បៈរបស់កញ្ញា ងិន ម៉ារ៉ាឌី នោះលោកមិនរារាំងកញ្ញានោះទេ សំខាន់គឺលើការសម្រេចិត្តរបស់កញ្ញាផ្ទាល់។

យ៉ាងណាមិញ កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហើបថា ក្រោយរៀបអាពាហ៍ពិពាហ៍ជាស្វាមីនៅស្រុកខ្មែរហើយ កញ្ញាត្រៀមនឹងចេញតាមស្វាមីទៅរស់នៅសហរដ្ឋអាមេរិក រយៈពេល ២ ឆ្នាំនៅទីនោះ ដើម្បីឱ្យខ្លួនបានរស់នៅនោះស្របច្បាប់។ កញ្ញាអាចនឹងរៀបការជាលើកទី ២ នៅលើទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែមិនមែនតាមបែបប្រពៃណីខ្មែរទៀតនោះទេ។

គួរបញ្ជាក់ផងដែរថា កញ្ញា ងិន ម៉ារ៉ាឌី គឺជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ឬ Miss Universe Cambodia 2021 ហើយកញ្ញា​បានសន្យាជាមួយនឹង​អ្នកគាំទ្រថា ទោះកញ្ញារៀបការហើយ កញ្ញាក៏ចង់ឱ្យអ្នកគាំទ្រ​ចង​ចាំ​រូបកញ្ញា​ជា​ Miss ​Universe​ Cambodia​ 2021​ រហូត​ដល់​ចាស់​ ព្រោះកញ្ញាមិនចង់ឱ្យខ្លួនមានឈ្មោះជាបវរកញ្ញានៅក្នុង Title នៃកម្មវិធីផ្សេងៗគ្នានោះទេ។

យ៉ាងណាមិញ ក្រៅអាជីពបវរកញ្ញា កញ្ញា ងិន ម៉ារ៉ាឌី ក៏មានស្នាដៃសម្ដែងភាពយន្តជីវិតឱ្យផលិតកម្មនៅក្នុងស្រុកជាច្រើនរឿងផងដែរ។ ហើយគ្រប់គ្នារង់ចាំអ៊ុតមើលបន្តទៀតថា តើ ងិន ម៉ារ៉ាឌី នឹងបន្តទៅរស់នៅទឹកដីសហរដ្ឋអាមេរិករហូត ឬត្រឡប់មកប្រមូលសិល្បៈវិញ?

Share.