កណ្តាល៖ជនសង្ស័យម្នាក់ឆ្លៀតពេលម្ចាស់ម៉ូតូចុះទៅទិញទឹកសុទ្ធ កាច់សោកម៉ូតូជិះ តែត្រូវគេឃើញទាន់ ភ័យជិះគេចរហូតដល់ផ្លូវកោង ដួលម៉ូតូត្រូវម្ចាស់តាមទាន់។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១ខែមេសាឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូមានឈ្មោះ ម៉ៃ វ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ នៅភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ចំណែកជនសង្ស័យមានឈ្មោះ កែវ សុខកាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ភូមិ១០ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានសារធាតុញៀនក្នុងទឹកនោម (+)។ម្នាក់ទៀតមានឈ្មោះ វី ភេទប្រុស អាយុប្រហែល៣២ឆ្នាំ មុខរបរមិនពិត ប្រាកដ ជនជាតិខ្មែរ មិនស្គាល់អាស័យដ្ឋានស្នាក់នៅមិនច្បាស់ (គេចខ្លួន)។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបា​នឲ្យដឹងថា      នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅក្នុងបរិវេណផ្ទះរបស់ខ្លួន រហូតដល់ម៉ោងកើតហេតុស្រាប់តែឃើញមានជនសង្ស័យដើរមកម្នាក់ឯង ហើយចូលទៅទិញទឹកសុទ្ធ ០១ដប ពីប្អូនជនរងគ្រោះ។ នៅពេលប្អូនរបស់ជនរងគ្រោះកំពុងអោនយកទឹកសុទ្ធនោះ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពកាច់សោ.កម៉ូតូ របស់ជនរងគ្រោះ ពេលនោះប្អូនរបស់ជនរងគ្រោះ ឃើញក៏ស្រែកថាចោរៗ និងស្ទុះទៅចាប់ទាញម៉ូតូតែមិនបានមកវិញឡើយ។ ដោយពេលនោះជនរងគ្រោះឮ ក៏បានជិះម៉ូតូមួយគ្រឿងទៀតដេញតាមជនសង្ស័យពីក្រោយ រហូតដល់ចំណុចផ្លូវបំបែកវត្តទាន់អរ ភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ដោយផ្លូវកោង និងរលាក់ខ្លាំង ទើបជនសង្ស័យបានដួលម៉ូតូ បណ្ដាលឲ្យមានរបួសធ្ងន់ ហេីយជនរងគ្រោះបានតាមទាន់ឃាត់ជនសង្ស័យ ។        

បន្ទាប់មកជនរងគ្រោះបានរាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទួលព្រេជ ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងប៉ុស្ដិ៍បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះទៅដល់កន្លែងកើតហេតុហើយសួរនាំជនរងគ្រោះ និងនាំជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួលដោយជនសង្ស័យមានរបួសក្បាលចំហៀងខាងឆ្វេងដេរចំនួន១០ថ្នេរ ត្រចៀកខាងឆ្វេងដេរចំនួន០៩ថ្នេរ គល់ត្រចៀកឆ្វេងចំនួន០៣ថ្នេរ របួសថ្ងាសចំនួន០២ថ្នេរ និងរបួសរលាត់ស្បែកកំភួនដៃខាងឆ្វេង និងជើងទាំងពីរ។

ក្រោយមកសមត្ថកិច្ចបាននាំជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន និងបក្ខពួកឈ្មោះ វី បាននាំគ្នាជិះម៉ូតូម៉ាកហ្សូមរ ចេញពីម្ដុំផ្សារកណ្ដាល ដើម្បីធ្វើសកម្មភាពកាច់សោ.កម៉ូតូ រហូតដល់ចំណុចកើតហេតុទើបខ្លួន និងបក្ខពួកបានធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ជនរងគ្រោះ បន្ទាប់ពីកាច់សោ.ក ម៉ូតូជនរងគ្រោះបានហើយខ្លួនបានព្យាយាមជិះគេច ព្រោះជនរងគ្រោះតាមពីក្រោយ ដោយខ្លួនភ័យពេកក៏បានដួលម៉ូតូនៅចំណុចផ្លូវកោងខាងលិចវត្តមួយ បណ្ដាលឲ្យមានរបួសដូចខាងលើ ហើយខ្លួននិងបក្ខពួកធ្លាប់ធ្វើសកម្មភាពជាច្រើនលើកមកហើយ៕

អត្ថបទ៖តាខ្មៅ

Share.