កាលពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ក្លិបបាល់ទាត់តោខៀវ Chelsea ដែលមានលោក Todd Boehly ជាប្រធាន បានប្រកាសបញ្ចប់តួនាទីរបស់លោក Graham Potter ជាអ្នកចាត់ការទូទៅ ក្រោយដឹកនាំបានត្រឹមតែ៧ខែប៉ុណ្ណោះ។

ការសម្រេចចិត្តខាងលើកើតឡើង បន្ទាប់ពីអតីតអ្នកចាត់ការ Brighton & Hove Albion ដឹកនាំតោខៀវ Chelsea ចាញ់ Aston Villa ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Stamford Bridge ឈរនៅចំណាត់ថ្នាក់ទី១១ នៃក្របខណ្ឌ Premier League រដូវកាល ២០២២-២៣ គិតត្រឹមសប្តាហ៍ទី២៩។

បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano បានឲ្យដឹងថាលោក Julian Nagelsmann អាចនឹងក្លាយជាគ្រូបង្វឹកថ្មីៗ របស់តោខៀវ Chelsea ជំនួសកៅអីលោក Graham Potter ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចាកចេញពី FC Bayern Munich។ ខណ:បច្ចុប្បន្ន Chelsea បានតែងតាំងលោក Bruno Saltor ជាគ្រូ​បង្វឹក​បណ្ដោះអាសន្ន រហូតដល់រកបានគ្រូថ្មី។

គួរដឹងផងដែរក្លិបតោខៀវ Chelsea ដែលមានលោក Todd Boehly ជាម្ចាស់ក្លិបបានចំណាយទឹកប្រាក់ប្រមាណ ៥៧១.៨៩ លានផោន ច្រើនជាងគេនៅក្នុងលីគអង់គ្លេស Premier League 2022-23 នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ-រដូវរងា។

ទីផ្សាររដូវក្តៅ៖
– Raheem Sterling ផ្ទេរពី Manchester City ក្នុងតម្លៃ ៥០លានផោន
– Kalidou Koulibaly ផ្ទេរពី Napoli ក្នុងតម្លៃ ៣៣លានផោន
– Marc Cucurella ផ្ទេរពី Brighton ក្នុងតម្លៃ ៦០លានផោន
– Cesare Casadei ផ្ទេរ​ពី Inter Milan ក្នុង​តម្លៃ​១២​លាន​ផោន
– Carney Chukwuemeka ផ្ទេរពី Aston Villa ក្នុងតម្លៃ ២០លានផោន
– Denis Zakaria ផ្ទេរពី Juventus ក្នុងតម្លៃ ៤.១លានផោន
– Wesley Fofana ផ្ទេរពី Leicester City ក្នុងតម្លៃ ៧០លានផោន

ទីផ្សាររដូវរងា៖
– Noni Madueke ផ្ទេរពី PSV ក្នុងតម្លៃ ២៩លានផោន
– Mykhailo Mudryk ផ្ទេរពី Shakhtar Donetsk ក្នុងតម្លៃ ៨៨លានផោន
– David Datro Fofana ផ្ទេរពី Molde FK ក្នុងតម្លៃ ១០លានផោន
– Andrey Santos ផ្ទេរពី Vasco da Gama ក្នុងតម្លៃ ១៨លានផោន
– Benoit Badiashile ផ្ទេរពី Monaco ក្នុងតម្លៃ ៣៥លានផោន
– Malo Gusto ផ្ទេរពី Lyon ក្នុងតម្លៃ ២៦.៣លានផោន
– Joao Felix ផ្ទេរពី AT-Madrid ក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងតម្លៃ ៩.៦៩លានផោន
– Enzo Fernandez ផ្ទេរពី Benfica ក្នុងតម្លៃ ១០៦.៨លានផោន៕

Share.