សិល្បៈជាតិ៖ ​ម៉ូដ​ហ្វេ​ហ្សិ​ន​មួយគឺជា «ឈុតសំរាម» ត្រូវបានបុរសម្នាក់ស្លៀកពាក់ឈុតនេះ ដើរបង្ហាញនៅក្នុងបរិវេណកម្មវិធីពិព័រណ៍ស្នាដៃនិស្សិតនៅលើសាលារចនា ឬ សកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ។ ហ្វេហ្សិនមួយនេះ ត្រូវបានផ្សព្វផ្សាយអំពីការស្រឡាញ់ និងថែរក្សាបរិស្ថាន ជាពិសេសចំពោះប្រភេទសំរាមសំណល់រឹងដូចជា ថង់ប្លាស្ទិក ដបទឹកសុទ្ធ និងវត្ថុជ័រដែលបានប្រើប្រាស់រួច ត្រូវមានការទុកដាក់ក្នុងធុងសំរាមយ៉ាងត្រឹមត្រូវ។

May be an image of 4 people, people standing and outdoors

តាមរយៈលោក ង៉ែត រ៉ាឌី ដែលបានផ្សព្វផ្សាយពីរូបភាពទាំងអស់នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានរៀបរាប់ខ្លឹមសារថា ៖ «តាមរយៈរូបថតប៉ុន្មានសន្លឹកនេះតើអ្នកឃើញយ៉ាងដូចម្តេចដែរ? បើស្រលាញ់បរិស្ថានសូមកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក និងទុកដាក់ពួកវាឱ្យបានត្រឹមត្រូវ។ អរគុណ ថ្ងៃនេះជាថ្ងៃចុងក្រសម្រាប់កម្មវិធីរបស់យើងហើយ។ ខ្ញុំជឿថាបើបងប្អូនអត់បានមកនោះពិជាស្តាយមិនខាន ដូច្នេះកុំឱ្យវេលានេះកន្លងហួសណា»។

លោក ង៉ែត រ៉ាឌី បានបញ្ជាក់ថា នេះគឺជាគំនិតច្នៃប្រឌិតហ្វេហ្សិនរបស់លោក ដោយលោកមានគោលបំណងចង់ឱ្យអ្នកចូលរួមដើរមើលពិព័រណ៍ស្នាដៃនិស្សិតនៅសាលារចនា មានការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំរាម ដោយចៀសវាងការចោលសំរាមពេសវាលពាសកាល។

រូបភាពទាំងអស់នេះ ក៏ជាសារផ្សព្វផ្សាយយ៉ាងសំខាន់មួយទៅកាន់ សិស្ស និស្សិត និងមហាជនទាំងអស់ ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព ការរក្សា​សណ្ដាប់ធ្នាប់ អនាម័យ​សាធារណៈ និង​ទប់ស្កាត់​ការបំពុល ​ទឹក ដី ខ្យល់ នាឱកាសសប្បាយរីករាយតាមរយៈកម្មវិធីសង្ក្រាន្តផ្សេងៗ ដែលធ្វើឡើងនៅតាមសាលានានា។

បើតាមតួរលេខជាក់លាក់ពី​​ក្រសួង​បរិស្ថានបាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​ ២០២២ សំរាម​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ជាង ៤​លាន​តោន​នៅ​ក្នុង ​១ ឆ្នាំៗ​។ ហើយក្នុង​នោះ ១ ​ថ្ងៃ​ សំរាម​មាន​ជាង ​១ ​ម៉ឺន​តោន​ ដែល​កម្រិត​នៃ​ការ​កើន​ឡើង​សំណល់​រឹង​សំរាម​នៅ​ប្រទេស​កម្ពុជា​ គឺមាន​ចន្លោះ​ពី ១០ ទៅ​ ១៥​ ភាគ​រយ​នៅក្នុង ​១ ឆ្នាំ​។

ត្រឡប់មកវិញ សង្ក្រាន្តនៅតាមសាលាពិតជាធ្វើឱ្យមហាជនទាំងអស់គ្នាមានភាពសប្បាយរីករាយមែន ប៉ុន្តែក្រោយពីសប្បាយហើយ អ្នកក៏ត្រូវគិតអំពីការថែរក្សាអនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ ដើម្បីឱ្យអ្នកមកលេង ឬចូលរួមបន្ទាប់ ទទួលបានអារម្មណ៍ស្រស់ស្រាយ គ្មានគំនរសំរាម គ្មានក្លិនស្អុយជាដើម៕

Share.