ហោរាសាស្ត្រ៖ លោកអ្នកកើតឆ្នាំថោះ ពង្សទេវតាស្រី នាមជាសត្វទន្សាយ ធាតុឈើ ទន្សាកំណើត នៅថ្ងៃពុធសិរីធ្លាក់មកពីស្មាឆ្វេងរបស់ព្រះព្រហ្ម មូលព្រលឹងនៅដើមរកានិងដើមដូង។

លោកអ្នកទៅតាំងលំនៅនៅទីកន្លងណាគួររកដើមដូង ឬដើមរកា ដាំនៅទិសខាងជើងនៅផ្ទះ ដើម្បីជាសិរីមង្គលដល់ខ្លូននិងក្រុមគ្រួសារ។

មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សមាននិស្ស័យនិយាយស្ដីច្រើនទទឹងទទែង ពុំសូវសុភាពរាបសារ ប៉ុន្តែមានចិត្តស្មោះត្រង់ កតញ្ញូ ស្គាល់បុណ្យស្គាល់បាប។

ជាមនុស្សចូលចិត្ត សិក្សារកការចេះដឹងដាក់ខ្លួន ឆ្លៀត ឈ្លាសវៃ ស្គាល់កលល្បិចមនុស្ស មានតណ្ហាខ្លាំងដូចទឹកពុះ ប្រាថ្នាទៅលើអ្វីហើយ រមែងខិតខំព្យាយាមធ្វើទាល់តែបានសម្រេច។ ចិត្តស្រាល ឆាប់ខឹង តែឆាប់បាត់ ធ្វើគុណមិនបានផល ត្រូវញាតិមិត្តបៀតបៀនច្រើននៅគាល់បំរើ ឬ ចៅហ្វាយ នាយមិត្តភ័ក្តិល្អ។

មុខរបរដែលស័ក្កិសមជាងគេ សម្រាប់មនុស្សកើតឆ្នាំនេះគឺធ្វើគ្រូបាធ្យាយន៍ មេធាវី សុភាចារបុរស អ្នកឃោសនា ពីព្រោះជាមនុស្សប៉ិនប្រសព្វក្នុងការនិយាយ និង ចូលវែកញែក រកហេតុផលឱ្យអ្នកដទៃ ។បើឱ្យធ្វើការរកស៊ីដោយកម្លាំងកាយទៅ ប្ដូរច្រើនតែពុំសូវប្រកប៕

ប្រភព៖ សៀវភៅមហាសង្ក្រាន្ដ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ គ.ស ២០២៣ របស់លោកគ្រូ អ៊ឹម បុរិន្ទ

Share.