ភ្នំពេញ ៖ ឪពុកម្តាយយំបោកខ្លួន បន្ទាប់ពីកូនប្រុសបានសុំ ប្រាប់ ឪពុកទៅលេងសង្ក្រាននៅសាលារៀន បែជាបាត់កូនអស់ជាច្រើនម៉ោងមិនឃើញវិលត្រឡប់ទៅផ្ទះ ស្រាប់តែប្រទះឃើញ ស្បែកជើង និងកង់ នៅមាត់ស្រះទឹកទៅវិញ ផ្អើលឆោឡោ សមត្ថកិច្ច និងកម្លាំងទ័ពពិសេឆ័ត្រយោង៩១១ ប្រើខ្សែពួរចងបោះរាវក្នុងទឹក ទាក់ជាប់ជើងសពក្មេងប្រុស កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅស្រះទឹកម៧ខព្រះវិហារ ក្នុងវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្មេងរងគ្រោះមាន ឈ្មោះ វាសនា រ៉ាយុទ្ធ ភេទប្រុស អាយុ៩ឆ្នាំ មុខរបរ សិស្សរៀនថ្នាក់ទី២ សាលាបឋមសិក្សាស្ងួនពេជ្រ មានឪពុកឈ្មោះ ថន វាសនា អាយុ៣០ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ម្តាយឈ្មោះ ស៊ូ ស្រស់ អាយុ៣៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានបងប្អូនប្រុស២នាក់ ក្មេងរងគ្រោះជាកូនច្បង រស់នៅក្នុងបន្ទុកគ្រួសារ នៅបុរីពិភពថ្មី៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។

បើតាមសម្តីឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ កូនប្រុសរបស់គាត់បានសុំទៅលេងនៅសាលារៀន ព្រោះមានរៀបចំសង្ក្រាន លុះរហូតដល់វេលាថ្ងៃត្រង់ទៅហើយ មិនឃើញកូនវិលទៅផ្ទះ ក៏ទៅតាមស្វែងរកនៅសាលារៀន តែមិនឃើញ រហូតដល់វេលាម៉ោង១រសៀល ថ្ងៃដដែលនេះ បន្តទៅរកមើលនៅបរិវេណវត្តស្ងួនពេជ្រ ប្រទះឃើញស្បែងជើង និងកង់របស់កូននៅមាត់ទឹកស្រះ ទើបផ្អើលឆោឡោ ប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច កម្លាំងទ័ពពិសេសឆ័ត្រយោង៩១១ ប្រើប្រាស់ខែរពួរចងបោះរាវ ទីបំផុតទាក់ជើងសព រកឃើញនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល ធ្វើឲ្យឪពុកម្តាយស្លុតចិត្ត យំបោកខ្លួន ។

ក្រោយពីរកឃើញសពក្មេងរងគ្រោះ ស្រង់ដាក់លើគោក ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ធ្វើការពិនិត្យកោសល្យវិច័យ ឃើញថាក្មេងប្រុសស្លាប់ដោយសារលង់ទឹក រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅរៀបចំធ្វើបុណ្យនៅវត្តស្ងួនពេជ្រទៅតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.