ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដល់​ទី​ក្រុង​គូ​ឡា​ឡាំពួរ ប្រទេសម៉ាឡេស៊ីហើយ នៅព្រឹកថ្ងៃ​ទី០៦ ខែមេសា ឆ្នាំ២០២៣ បន្ទាប់​ពី​ដង្ហែ​ឆ្លង​កាត់​ទី​ក្រុង​ឌីលី ប្រទេសទីម័រឡេស្តេ រួចមក។​

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ដឹក​នាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ ធ្វើ​ដំ​ណើ​រដល់​ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីហើយ កាលពីព្រឹកព្រលឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ (ម៉ោង​នៅម៉ាឡេស៊ី) ដោយទទួលបានការស្វាគមន៍ដោយផ្ទាល់ពីឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯក​អគ្គ​រាជ​ទូត​កម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយលោក Datuk Mohd Nasir ប្រធាន​បេសកជន និង​ជា​សមាជិក​ក្រុម​ប្រឹក្សាប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី។

ព្រះអគ្គិជ័យកីឡា ត្រូវបានតម្កល់ទុកនៅស្ថានទូតកម្ពុជា នាទីក្រុងគូឡាឡាំពួរ សម្រាប់​ពិធី​ដង្ហែ​ផ្លូវការ​ដែល​គ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្រោយ​ពី​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ដបន្ទាប់ ក្នុងពិធីដង្ហែនៅប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងទីម័រខាងកើត៕

រូបថត៖ ខឹម សុវណ្ណារ៉ា / AKP

Share.