ពានរង្វាន់​បាល់ទាត់​ធំ​ប្រចាំ​ទ្វីប​អាមេរិក​ខាងត្បូង 2021 Copa América បាន​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​អស់​ហើយ ខណៈ​បេក្ខភាព​ចុងក្រោយ​គឺ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន និង​កូឡុំប៊ី។

ដូច្នេះ​លទ្ធផល​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​នៅ​ព្រឹក​នេះ​​មាន៖
-អ៊ុយរុយហ្គាយ ០-០ (២-៤) កូឡុំប៊ី
-អាហ្សង់ទីន ៣-០ អេក្វាឌ័រ

អត្ថបទពាក់ព័ន្ធ៖Copa América៖ប្រេស៊ីល ដឹកដៃ​ប៉េរូ ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (វីដេអូ)

សម្រាប់​គូ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន៖
-៦ កក្កដា ២០២១ – ប្រេស៊ីល Vs ប៉េរូ – ៦ព្រឹក
-៧ កក្កដា ២០២១ – កូឡុំប៊ី Vs អាហ្សង់ទីន – ៨ព្រឹក

ក្នុង​ជ័យជម្នះ​៣ទល់០ របស់​អាហ្សង់ទីន ព្រឹក​មិញ​នេះ​ កីឡាករ​ Leonel Messi បាន​បន្ថែម​គ្រាប់​បាល់១​គ្រាប់​ទៀត ធ្វើ​ឱ្យ​ចំនួន​កើន​ឡើង​ដល់​ទៅ៤ គ្រាប់​ម្នាក់​ឯង ច្រើន​ជាង​កីឡាករ​ដទៃ​ក្នុង​​បញ្ជី អ្នក​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​​។ ​

ពានរង្វាន់ 2021 Copa América មាន​ក្រុម​ចូលរួម​ចំនួន​១០ក្រុម បែងចែក​ជា​២ពូល ​​ចាប់​ផ្ដើម​ប្រកួត​​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ ហើយ​​​ក្រុម​​លេខ១​ដល់​លេខ​៤​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​មាន ​​ពូល A អាហ្សង់ទីន,​បូលីវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។

ពានរង្វាន់ Copa America រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូលីវី ឈ្នះ​ម្នាក់​១លើក៕

Telegram-Troryorng
Share.