យុទ្ធនាការដើម្បីបង្កើតការបង្ហាញបេះដូងក្រដាសដ៏ធំបំផុតរបស់ពិភពលោកបានចាប់ផ្ដើម ដើម្បីផ្សារភ្ជាប់ប្រជាជនកម្ពុជាជាមួយនឹងស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម និង ដើម្បីគាំទ្រដល់អត្តពលិក អត្តពលិកពិការ។

យុទ្ធនាការ «BeyondTheGames» មានគោលបំណងដ៏ធំមួយគឺ ជាការបង្ហាញទឹកចិត្ត ក្ដីស្រឡាញ់ និង ការគាំទ្រទៅដល់អ្វីដែលអត្តពលិកបានចូលរួមការប្រកួតនៅខែ ឧសភា ខាងមុខ ក្រោមប្រធានបទ «កីឡារស់នៅក្នុងសន្ដិភាព» ហើយនឹងធ្វើឲ្យបេះដូងក្រដាសចំនួន ៣,៩១៧,៨០៥ ក្លាយជាកំណត់ត្រាថ្មី «ក្លាយជាប្រទេសមានបេះដូងក្រដាសច្រើនជាងគេលើពិភពលោក ក្នុងចំនួនជាង ៣លានបេះដូង» ដោយបច្ចុប្បន្ន ចក្រភពអង់គ្លេសគឺជាម្ចាស់កំណត់ត្រាបេះដូងក្រដាសចំនួន ៥៣,៧០៤ ប៉ុណ្ណោះបន្ទាប់ពីកំណត់ត្រានេះធ្លាប់ត្រូវបានចក្រភពអង់គ្លេសបំបែកឯតទគ្គកម្មកាលពីឆ្នាំ ២០១៩។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដោយនឹងត្រូវបានផ្សព្វផ្សាយដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលចាប់ផ្ដើមនៅខែ ឧសភា ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។

បេះដូងនីមួយៗ​ មានតម្លៃស្មើនឹងថវិកាចំនួន ៥០០រៀល ដែលថវិកាទាំងនោះនឹងត្រូវបរិច្ចាគដោយដៃគូបរិច្ចាគទាំង៥ របស់ BeyondTheGames ទៅកាន់អត្តពលិកដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ថវិកាដែលប្រមូលបានក្នុងយុទ្ធនាការនេះចំនួន ១២,៥០០០ដុលា្លអាមេរិក នឹងត្រូវផ្ដល់ជូនអត្តពលិក អត្តពលិកពិការ ដែលចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។

សូមជម្រាបថា ការបំបែកឯតទគ្គកម្មពិភពលោក មិនមែនជាគោលបំណងតែមួយគត់របស់ប្រទេស កម្ពុជា នោះទេ។ យុទ្ធនាការនេះក៏មានគោលបំណងបង្កើតវេទិកាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និង ដើម្បីលើកកម្ពស់ប្រទេស កម្ពុជា លើឆាកអន្តរជាតិ៕

Share.