បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ចាប់រំលោភកូនស្រីរបស់ខ្លួនអាយុ១១ឆ្នាំម្នាក់ រហូតដល់កូនខ្លាចមិនហ៊ានចូលផ្ទះ ប្រាប់អ៊ុ និងយាយប្តឹងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការច្បាប់ នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២៣។

ជនសង្ស័យ ឈ្មោះ ទឹម សាមឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយបានប្រាប់ថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ ទឹម តុលា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាអ៊ុបង្កើតជនរងគ្រោះឈ្មោះ ឌ.ស.ល ភេទស្រី អាយុ១១ឆ្នាំ ត្រូវឪពុកបង្កើតចាប់រំលោភតាំងពីកូនអាយុ០៩ឆ្នាំ រហូតដល់លើកចុងក្រោយរំលោភនៅថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣ ។

លោកបញ្ជាក់ថា៖ បើតាមសំដីជនរងគ្រោះ បានបង្ហើបប្រាប់យាយនិងអ៊ុ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ កាលដែលទៅលេងផ្ទះយាយនៅខេត្តពោធិ៍សាត់ ហើយខ្លួនយំស្រែកមិនព្រមត្រឡប់មកផ្ទះវិញ ព្រោះខ្លាចឪពុកបង្កើតធ្វើបាបទៀត(រំលោភ) ។


ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានធ្វេីការឃាត់ខ្លួនជងសង្ស័យជាឪពុក មកកាន់មូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែត ពេលសួរនាំជនសង្ស័យ បានបដិសេធពុំព្រមទទួលស្គាល់កំហុស ដែលកូនស្រីចោទថានាំនាងទៅមុជទឹក រួចធ្វើសកម្មភាពចាប់រំលោភរូបនាងនៅបន្ទប់ទឹក។ បន្ទាប់ពីសួរចម្លេីយរួច ជនសង្ស័យ ត្រូវបានបញ្ជូនបន្តមកកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ប៉ោយប៉ែត

Share.