សម្ពោធបើកជាផ្លូវការនៃការចាប់ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារភ្លាម សាធារណជនចាប់ផ្ដើមមកកម្សាន្តសប្បាយនៅតំបន់ត្រជាក់ចិត្ត។ នៅក្នុងនោះដែរគេឃើញវត្តមាន ឯកឧត្តម កែ សួនសុភាព ប្រធានគណៈកម្មការចូលឆ្នាំបន្ទាយឆ្មារ ក៏បានចូលរួមបង្កបរិយាកាសសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្ដរជាតិផងដែរ។

ក្រៅពីថ្នាក់ដឹកនាំគេសង្កេតឃើញមានយុវវ័យស្រស់សោភា មានកាំភ្លើងជ័រត្រៀមរួចជាស្រេចបាញ់ដាក់គ្នានៅតំបន់ត្រជាក់ចិត្តយ៉ាងសប្បាយរីករាយ។ នៅទីនេះក៏មានដែរកន្លែងប្រគំតន្រ្តី រាំលេងកម្សាន្ត ប៉ាតម្សៅគ្នាទៅវិញទៅមក ព្រមទាំងនៅក្នុងបរិវេណមានពាងទឹក ទុយោ ត្រៀមរួចជាស្រេចសម្រាប់អ្នកចូលចិត្តលេងទឹកផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានបំពាក់ប្រព័ន្ធបាញ់ទឹក ដើម្បីបង្កបរិយាកាសឲ្យកាន់តែសប្បាយ និងត្រជាក់ដល់អ្នកចូលរួម។ ជាពិសេសនៅតំបន់ត្រជាក់ចិត្តក៏មានការចែកជូននូវភេសជ្ជៈឥតគិតថ្លៃដល់អ្នកចូលរួមផងដែរ។

សូមជម្រាបជូនថា ពិធីអបអរបុណ្យចូលឆ្នាំថ្មីក្រោមប្រធានបទ ជួបជុំគ្រួសារ ចូលឆ្នាំ បន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព បានប្រារព្ធបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឧកញ៉ា ហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ  គឹមយ៉ាន និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់។

Share.